(កំពង់ធំ)៖ ជាផ្នែកមួយ នៃយុទ្ធសាស្រ្តជួយដល់កុមារដែលស្ថិតនៅក្រៅសាលា ដើម្បីឲ្យបានចូលរៀនពេញលេញដូចក្មេងដទៃៗទៀត អង្គការអែដ អេ អាក់ស្យុង ឬ ហៅកាត់តាមភាសាអង់គ្លេសថា អេ អ៊ី អេ (AEA) ក្រោមកិច្ចសហការជាមួយនឹងក្រសួងអប់រំ រដ្ឋអំណាចមូលដ្ឋាន និងអង្គការយុវតារា ជាដៃគូ បានបើកសិក្ខាសាលាជាបន្តបន្ទាប់ចំនូនពីរថ្ងៃ នៅស្រុកចំនួនពីរ ក្នុងខេត្តកំពង់ធំ គឺស្រុកស្ទោង និង ស្រុកកំពុងស្វាយ ដើម្បីពិភាក្សាជុំវិញគម្រោងស្នើសុំថវិកាចំនួនបួនគម្រោង សម្រាប់ស្រុកនិមួយៗ ក្នុងគោលបំណងជួយដល់កុ មារក្រៅសាលា ជាពិសេសសកុមារក្រីក្រ កុមារពិការ កុមារកំព្រា។
ក្នុងឱកាសនៃពិធីបើកសិក្ខាសាលានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅការិយាល័យអប់រំស្រុកសន្ទុក ដោយមានការចូលរួមជាអធិបតី ដោយប្រធានមន្ទីរអប់រំខេត្ត អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក តំណាងអង្គការអេ អ៊ី អេ សាលាអាយលីដ អន្តរជាតិ អង្គការយុវតារា និងការចូលរួមពីសំណាក់នាយកសាលា សមាជិកក្រុមប្រឹក្សាឃុំ និងគណកម្មការទ្រទ្រង់សាលា ប្រមាណជាង៦០នាក់ លោក អៀម ប៊ុន្នី តំណាងមន្ទីរអប់រំខេត្តកំពង់ធំ បានថ្លែងថា លោកមានសេចក្តីត្រេកអរ ដែលមានអង្គការនានា ដូចជាអង្គការ អេ អ៊ី អេ បាននិងកំពុងជួយរួមចំណែកបន្ថែមទៀត ក្នុងដំណើរការអភិវឌ្ឍន៍វិស័យអប់រំ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។
លោក អៀម ប៊ុន្នី បានថ្លែងថា «ខ្ញុំរីករាយដែលបានឃើញអង្គការដូចជា អេ អ៊ី អេ ចុះមកជួយដល់កុមារនៅក្នុងខេត្តកំពង់ យើងតាមរយៈគម្រោងនេះក្តី និងកម្មវិធីផ្សេងៗទៀតក្តី ជាពិសេសបណ្ណាល័យអេឡិកត្រូនិក ដែលអង្គការបាននិងកំពុងចាប់ផ្តើមអនុវត្ត នៅទីកន្លែងមួយចំនួន ពិតជាមានសារសំខាន់ណាស់ ហើយរំពឹងថាខេត្តកំពង់ធំ នឹងទទួលបានការគាំទ្របែបនេះ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ»។
សិក្ខាសាលាពិភាក្សាដូចគ្នានេះ ក៏បានធ្វើជាបន្តបន្ទាប់នៅថ្ងៃទី៣០ មីនា នៅការិយាល័យអប់រំ ស្រុកស្វាយរលំ ជាមួយនឹងក្រុមអ្នកការពារសំណើគម្រោង ប្រមាណជា៣០នាក់។ ក្រោយពីកិច្ចពិភាក្សា និងការពិនិត្យពិចារណាមួយដំណាក់ទៀត និងក្រោយពីមានការឯកភាពគ្នាហើយ ម្ចាស់គម្រោងនឹងចាប់ផ្តើមអនុវត្តតែម្តង។
កម្មវិធីផ្តល់ថវិកាគម្រោងសម្រាប់ជួយដល់កុមារ ដែលស្ថិតនៅក្រៅសាលា នៅខេត្តកំពង់ធំនេះ ជាផ្នែកនៃគម្រោងធំមួយជូយដល់កុមារ នៅក្រៅសាលាទូទាំងប្រទេស ដែលអនុវត្តរួមគ្នាដោយបណ្តុំអង្គការចំនួនជាង២០ ក្រោមជំនួយឧបត្ថម្ភពីប្រទេសកាតារ តាមរយៈអង្គការ EAC។ ក្នុងរយៈពេលប្រមាណ៣ឆ្នាំ គម្រោងមានគោលដៅជួយដល់កុមារ ក្រៅសាលាប្រមាណ៥៧០០០នាក់ ឲ្យបានចូលរៀន ឬរៀនបានជាប់លាប់រហូតដល់ចប់ បឋមសិក្សាយ៉ាងតិច៕