(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥៨ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៣៨នាក់ និងស្លាប់១នាក់ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង៥៨នាក់ ក្នុងនោះអ្នកជំងឺចំនួន១១នាក់ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់។ អ្នកជំងឺចំនួន១៨នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និងអ្នកជំងឺ២៩នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក។ ចំណែកអ្នកស្លាប់១នាក់ជាស្ត្រីវ័យចំណាស់អាយុ៨៦ឆ្នាំ រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៦,៩៥៧ករណីហើយ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៥,៦៨៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១.២៧១ករណី បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,៣៦២នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន១.៤៧៩នាក់ និងស្លាប់ចំនួន១៣នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖