(ភ្នំពេញ)៖ កម្ពុជា បាននិងកំពុងពិចារណា ក្នុងការចូលជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ខណៈអង្គការនេះ ក៏បានជំរុញកម្ពុជាឲ្យចូលជាសមាជិកផងដែរ ដើម្បីមានឱកាសពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បានកាន់ ច្រើនថែមទៀត។
ដើម្បីបញ្ចុះបញ្ចូលកម្ពុជា ឲ្យចូលជាសមាជិកអង្គការមួយនេះ លោកស្រី Tatyana Valovaya សមាជិកក្រុមប្រឹក្សាការធ្វើសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច នៃគណៈកម្មាការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានចូលជួបពន្យល់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីនីតិវិធី និងអត្ថប្រយោជន៍ក្នុងការចូល ជាសមាជិក នៃអង្គការមួយនេះ។ លោកស្រី Tatyana Valovaya ក៏គ្រោងជួបមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការចូលជាសមាជិក នៃអង្គការនេះ នឹងជួយឲ្យកម្ពុជាអាចពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់អឺរ៉ុប។ លោក ជុំ សុន្ទរី បានថ្លែងបញ្ជាក់ដូច្នេះ «ប្រសិនបើយើងបានចូលជាសមាជិក របស់អង្គការសហភាពសេដ្ឋកិច្ច-អឺរ៉ុបនេះ វានឹងរួមចំណែក ដ៏សំខាន់ក្នុងការពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មរបស់យើងជាមួយបណ្តាប្រទេស ជាពិសេសប្រ ទេសនៅអឺរ៉ុបកណ្តាល ដែលតាមរយៈនោះយើងគិតថា វានឹងចូលរួមចំ ណែកយ៉ាងសំខាន់ ក្នុងការអភិវដ្ឍសេដ្ឋកិច្ចរបស់កម្ពុជា លុបបំបាត់ភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន»។
បើតាមលោក ជុំ សុន្ទរី បច្ចុប្បន្នអង្គការមួយនេះ មានប្រទេស ៥ជាសមាជិករួមមាន៖ រុស្ស៊ី អាល់មេនី កាហ្សាស្តង់ ប៊ែលឡារុ និងគៀហ្ស៊ីស្តង់ ហើយប្រទេសជាសមាជិកអាស៊ានចំនួនពីរ គឺប្រទេសសិង្ហបុរី និងវៀតណាម កំពុងដំណើរការនីតិវិធីចូលជាសមាជិកអង្គការ សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី៕