(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13) បានដឹកនាំកិច្ចប្រជុំប្រទេសសម្របសម្រួល ASEM ក្រោមអធិបតីភាព លោក លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូល ASEM13 នៅកម្ពុជា។
ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោក លុយ ដាវីត បានលើកឡើងថា កម្ពុជាបានផ្ញើលិខិតអញ្ជើញដល់ប្រទេសដៃគូ ASEM ទាំងអស់រួចហើយ ខណៈប្រទេសដៃគូមួយចំនួន ក៏បានផ្ញើលិខិតឆ្លើយតប បញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះដែរ។
កិច្ចប្រជុំរវាងប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 និងប្រទេសសម្របសម្រួល ASEM បានប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពីឧត្តមមន្រ្តីនៃប្រទេសសម្របសម្រួល ASEM ទាំង០៤ មកពីអាស៉ី និងអឺរ៉ុប ក្នុងនោះរួមមាន សហភាពអឺរ៉ុប, ស្លូវេនី ដែលបច្ចុប្បន្នកំពុងដើរតួនាទីជាប្រធានប្តូរវេនក្រុមប្រឹក្សាអឺរ៉ុប, សហព័ន្ធរុស្ស៉ី ដែលជាប្រទេសសម្របសម្រួលតំបន់អាស៉ីឦសាន និងអាស៉ីខាងត្បូង និងថៃជាប្រទេសសម្របសម្រួលតំបន់អាស៊ាន។
លោក លុយ ដាវីត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ចំនួន២ និងបានសម្រេចលទ្ធផល ដូចខាងក្រោម៖
១៖ ការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូល ASEM13
លោក លុយ ដាវីត បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ លោកបានលើកឡើងថា៖
* កម្ពុជាបានផ្ញើលិខិតអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ដៃគូ ASEM ទាំងអស់រួចហើយ ហើយប្រទេសជាដៃគូមួយចំនួន ក៏បានផ្ញើលិខិត ឆ្លើយតបបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។ ASEM មាន ៥១ប្រទេស និង ២ស្ថាប័នតំបន់ (សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន) ជាដៃគូ។
* កិច្ចប្រជុំកំពូល ASEM13 នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ចាប់ផ្តើមពីម៉ោង ២ រសៀលតទៅ (ដោយសារពេលវេលាខុសគ្នារវាងទ្វីបអាស៉ី និងអឺរ៉ុប) ហើយកម្មវិធីសំខាន់ៗ រួមមាន៖
- កម្មវិធីថតរូបរួមគ្នារបស់ថ្នាក់ដឹកនាំទាំង៥៣ នៃបណ្តាប្រទេសជាដៃគូ ASEM
- ការចាក់បញ្ចាំងវីដេអូខ្លីស្តីពីដំណើររៀបចំកិច្ចប្រជុំកំពូល ASEM13 របស់កម្ពុជា។ វីដេអូនេះ នឹងបង្ហាញដល់ដៃគូ ASEM ទាំងអស់ ពីអត្តសញ្ញាណ, ទំនៀមទម្លាប់ប្រពៃណី, វប្បធម៌, ការម្តែងសិល្បៈរបាំ, ម្ហូបអាហារ, ប្រជាជន, ទីតាំងទេសចរណ៍ និងតំបន់សក្តានុពលសំខាន់ៗរបស់កម្ពុជា ព្រមទាំងការរំលេចពីនិមិត្តសញ្ញា និងសារៈសំខាន់នៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 របស់កម្ពុជា ផងដែរ។
- កម្មវិធីបើក (សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូល ASEM13 និងឡើងថ្លែងសុន្ទរកថាបើកអង្គប្រជុំ រួមគ្នាជាមួយនឹងប្រមុខថ្នាក់ដឹកនាំនៃប្រទេសសម្របសម្រួលទាំងបួន (សហភាពអឺរ៉ុប ស្លូវេនី រុស្ស៉ី និងប្រទេសថៃ)
- កម្មវិធីជួបជាមួយភាគីពាក់ព័ន្ធ
- កិច្ចប្រជុំពេញអង្គលើកទី១
- កិច្ចប្រជុំពេញអង្គលើកទី២
- កិច្ចប្រជុំចង្អៀត
- កម្មវិធីអនុម័តឯកសារលទ្ធផលនៃកិច្ចប្រជុំកំពូលASEM13 (សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩)
- កម្មវិធីបញ្ចប់ និង
- សន្និសីទរួមគ្នា (ប្រធានអង្គប្រជុំ និងប្រទេសសម្របសម្រួលទាំង០៤)។
២៖ ការពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩
* អង្គប្រជុំបានពិភាក្សាយ៉ាងលម្អិតលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនេះគឺជាគំនិតផ្តួតផ្តើមរបស់កម្ពុជា ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូល ASEM13 ដើម្បីបង្ហាញពីសាមគ្គីភាព ការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាដៃគូ ASEM ចូលរួមដោះស្រាយបញ្ហាបណ្តាលមកពីជំងឺកូវីដ១៩ និងពង្រឹងកិច្ចសហការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។
* ដើម្បីឈានទៅសម្រេចបានការឯកភាពគ្នាជាកុងស៊ុងស៉ីសទៅលើខ្លឹមសារនៃសេចក្តីព្រាងនេះ ឱ្យបានឆាប់ៗនាពេលខាងមុខ អង្គប្រជុំ បានឯកភាពឱ្យកម្ពុជា ដឹកនាំកិច្ចប្រជុំកម្រិតឧត្តមមន្រ្តីអាស៉ី-អឺរ៉ុបមួយទៀត នៅថ្ងៃទី១៣ ខែកញ្ញា ខាងមុខ ដោយមានការចូលរួមពីប្រទេសសម្របសម្រួល និងប្រទេសដៃគូ ASEM ទាំងអស់។
* កម្ពុជា នឹងបន្តធ្វើជាសហប្រធានជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំកំពូលឧត្តមមន្រ្តីអាស៉ី-អឺរ៉ុបលើកទី៣ នៅថ្ងៃទី១៦ និង ១៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដើម្បីចាប់ផ្តើមពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រធាន អង្គប្រជុំនៃកិច្ចប្រជុំកំពូល ASEM13 ដែលនេះគឺជាឯកសារសំខាន់បំផុតនៃដំណើរការរៀបចំកិច្ច ប្រជុំកំពូលទាំងមូល៕