(ព្រៃវែង)៖ លោក ស៊ិន រដ្ឋា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ កំឡុងពេលរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍ឱ្យបានល្អប្រសើរ។
ការជំរុញបែបនេះ របស់ប្រធានក្រុមការងារ ចុះជួយឃុំត្របែក បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំត្របែក នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១១០គ្រួសារ មកពី១៣ ភូមិនៅក្នុងឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមការងារ និងសមាគម football Mr tang Wei mao និងប្រជាពលរដ្ឋអាជ្ញាធរដែនដីជាច្រើនរូបផងដែរ។
លោក ស៊ិន រដ្ឋា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសមាជិក សមាជិការបក្សឃុំត្របែកម្រេចបាន ទាំងការដោះស្រាយ បញ្ហាបំពេញតម្រូវការនានា និងការអភិវឌ្ឍក្នុងមូលដ្ឋានទទួលខុសត្រូវ ដែលជាការរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបន្តភារកិច្ចកាន់តែល្អប្រសើរថែមទៀត ដើម្បីប្រមូលបាននូវសមានចិត្ត ពីប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយក្តីស្រឡាញ់ពេញចិត្ត។
ជាមួយគ្នានេះដែរ លោកបានបន្តថា ដោយមើលឃើញនៅការខ្វះរបស់ប្រជាពលរដ្ឋមួយចំនួនន នៅឃុំត្របែក ក្នុងបរិបទជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍ លោក និងក្រុមការងារបាននាំអំណោយ ជាគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ ដែលអាចជួយដោះស្រាយរាល់ការខ្វះខាតបានមួយគ្រាផងដែរ។
លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធចាត់តាំងបក្សមានភាពច្បាស់លាស់ និងគោលនយោបាយត្រឹមត្រូវ ទើបធ្វើឱ្យប្រជាពលរដ្ឋមានជំនឿលើគណបក្ស។ ក្រុមការងារត្រូវធ្វើការងារជាមួយមហាជនបង្កើតចងក្រង រចនាសម្ពន្ធ័យុវជននៅមូលដ្ឋាន ហើយធ្វើការងារឱ្យសកម្មភាពជាមួយប្រជាពលរដ្ឋ ចូលរួមធ្វើកិច្ចការងារសង្គមឱ្យបានច្រើនផងដែរ។
បន្ថែមពីនេះ លោកក៏បានផ្តាំផ្ញើរដល់អាជ្ញាធរត្រូវជំរុញឱ្យប្រជាពលរដ្ឋ ទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា និងត្រូវគោរព អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បំប្លែងថ្មី Delta ដោយត្រូវអនុវត្តឱ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣កុំ និង៣ការពារ» បើមិនចាំបាច់កុំចេញក្រៅផ្ទះ។
អំណោយដែលនាំទៅចែកជូនប្រជាពលរដ្ឋទាំង ១១០គ្រួសារ រួមមាន៖ អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ស្កសរ។
ទន្ទឹមនឹងនេះដែរ ប្រធានក្រុមការងារ ចុះជួយឃុំត្របែក ក៏បានឧបត្ថម្ភថវិកាចំនួន១៧,០០០ដុល្លារ សម្រាប់ការចាក់ផ្លូវបេតុងក្នុងសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យមិត្តភាព «កម្ពុជា-ឥណ្ឌូនេស៊ី ច្រេស»៕