(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលជំនួយជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្តដែលផ្តល់ដោយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធ Zoom ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន វ.ស.ស. លោក វ៉ាង ហ័រ អគ្គលេខាធិការរង CFPD លោក ចាង យ៉ាវអ៊ូ ប្រធានការិយាល័យ CFPD ប្រចាំកម្ពុជា និងសហការី។
ជំនួយដែល CFPD បានប្រគល់ជូន វ.ស.ស. នាថ្ងៃនេះ រួមមានម៉ាសវេជ្ជសាស្រ្ត ចំនួន ២០០.០០០សន្លឹក តេស្តរហ័ស SARS-COV-2 ម៉ាក Novel ៥.០០០តេស្ត ឈុតអាវពេទ្យការពារមេរោគ ៥.០០០ឈុត និងថ្នាំគ្រាប់ Lianhua Qingwen ២.៤០០ប្រអប់ ដែលសរុបជាទឹកប្រាក់ស្មើប្រមាណ ៣០.៤៣៥ដុល្លារអាម៉េរិក។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា វ.ស.ស. ដែលជាអង្គភាពសម្របសម្រួលការងារសង្គមស៊ីវិលនៅកម្ពុជា តែងបានកៀរគរនូវជំនួយសប្បុរសធម៌និងមនុស្សធម៌នានា តាមរយៈដៃគូសង្គមស៊ីវិលទាំងជាតិនិងទាំងអន្តរជាតិ ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង CFPD តែងផ្តល់នូវជំនួយជាបន្តបន្ទាប់ដល់ វ.ស.ស. ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិលកម្ពុជា-ចិន ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ អំណោយដ៏ថ្លៃថ្លាដែល CFPD បានប្រគល់ជូន វ.ស.ស. នាពេលនេះ បង្ហាញនូវទឹកចិត្តយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនប្រជាជនកម្ពុជាដែលជាមិត្តយូរអង្វែងនិងជាមិត្តដែកថែបពិត ក្នុងពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការតភ្ជាប់នៃបេះដូងរវាងប្រជាជននៃប្រទេសទាំងពីរ។
លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានបន្ថែមថា វ.ស.ស. នឹងពាំនាំនូវជំនួយទាំងអស់នេះចែកជូនអង្គការសង្គមស៊ីវិលនៅទូទាំង ២៥រាជធានី-ខេត្ត ស្របពេលដែល វ.ស.ស. នឹងចាប់ផ្តើមយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ នៅទូទាំង ២៥រាជធានី-ខេត្ត ចាប់ពីថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ ដោយសហការជាមួយកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ និងអង្គការដៃគូរបស់ វ.ស.ស. ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសាធារណៈសំខាន់ៗ ដែលកំណត់ដោយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ។
កាលពីខែមេសា ឆ្នាំ២០២០ CFPD បានផ្តល់ជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តដល់ វ.ស.ស. ម្តងរួចមកហើយ ព្រមទាំងបានចាត់បញ្ជូនក្រុមជំនាញការនៃអង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue – BSR) មកចូលរួមក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ និងបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល អំពីរបៀបប្រើប្រាស់និងថែទាំម៉ាស៊ីនបំភាយឧស្ម័ន របៀបលាយថ្នាំបាញ់សម្លាប់មេរោគ និងវិធីបង្ការការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងបានផ្តល់ម៉ាស៊ីនបន្សុទ្ធខ្យល់ម៉ាក W603 ចំនួន ១០គ្រឿង ជូនមន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត តាមរយៈ វ.ស.ស. ផងដែរ។