(បន្ទាយមានជ័យ)៖ រថយន្ដដឹកលើសទម្ងន់កំណត់ ចំនួន២គ្រឿង ត្រូវបានក្រុមការងារចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចឃាត់ទុកមួយឆ្នាំ បន្ទាប់ពីត្រួតពិនិត្យយានយន្តដឹកជញ្ជូន ចំនួន៨គ្រឿង នៅលើជាតិលេខ៥ ចំណុចភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំ ដោយលោក សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងលោក តាំង ពៅ ប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការឆ្មក់ត្រួតពិនិត្យរថយន្ដដឹកជញ្ជូនតាមដងផ្លូវនេះ ក្រុមការងារជំនាញ បានត្រួតពិនិត្យយានយន្ត ដឹកជញ្ជូន ចំនួន៨គ្រឿង ដែលជាប្រភេទរថយន្ដដឹកថ្ម ខ្សាច់ និងជី ក្នុងនោះ មានយានយន្ត២គ្រឿង ត្រូវពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ ដោយសារលើស ទម្ងន់កម្រិតកំណត់ ២០% នៃទម្ងន់អនុញ្ញាត ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងយានយន្ត១គ្រឿងផ្សេងទៀត មិនត្រូវបានឃាត់ទុករយៈពេល១ឆ្នាំនោះទេ ដោយសារផ្ទុកលើសទម្ងន់ក្រោម ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានផាកពិន័យ រើទំនិញចេញ។
បន្ថែមពីនេះ ក្រសួងសាធារណការ ក៏បានរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ៕