(កណ្ដាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានឧបត្ថម្ភតង់សំរាប់អ្នកត្រូវធ្វើចត្តាឡីស័កចំនួន១០តង់ សំរាប់ការសម្រាក, រោងធំទំហំ១០ម៉ែត្រគុណ៣០ម៉ែត្រ ចំនួន៣មួយខ្នង, រោងធំទំហំ៨ម៉ែត្រគុណ១០ម៉ែត្រ ចំនួន២ខ្នង សំរាប់កម្លាំងទាំង៣ប្រចាំការ, កង្ហាទឹកធំចំនួន៣០គ្រឿង និងបង្គន់ចល័តចំនួន២០បង្គន់ផងដែរ។

ការឧបត្ថម្ភនេះក្រោយការស្នើសុំរបស់លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំនាពេលថ្មីៗនេះ និងក្រោយពេលរដ្ឋបាលខេត្តកណ្ដាល គ្រោងយកសាលារដ្ឋបើកដំណើរការសំរាប់ការសិក្សាឡើងវិញ។ ដូច្នេះសំរាប់អ្នកត្រូវធ្វើចត្តាឡីស័ក ត្រូវផ្លាស់មកនៅក្នុងកីឡដ្ឋាន ស្រុកកោះធំវិញ។ អាជ្ញាធរបានឲ្យដឹងថា រាល់ថ្ងៃអ្នកធ្វើចត្តាឡីស័កនៅទូទាំងស្រុកកោះធំ គឺធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យចំនួន២ ប៉ុន្តែដោយសារមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបើកដំណើរការរៀនសូត្រឡើងវិញនោះ អ្នកធ្វើចត្តាឡីស័កទាំងត្រូវបានផ្ទេរចេញ មកធ្វើចត្តាឡីស័កនៅក្នុងកីឡដ្ឋានស្រុកវិញ។

ការចុះរៀបចំការសាងសង់តង់ និងរោងជាបន្តបន្ទាប់ ធ្វើឡើងក្រោមការដឹកនាំរបស់លោក ចៅ តុល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ អមដោយក្រុមការងារ អនុប្រធានជាច្រើនរូបផងនោះ ដោយបានចាត់ចែងញាប់ដៃញាប់ជើងក្នុងការសាងសង់ពន្លឿនការងារ ដើម្បីឆាប់បញ្ចប់តាមការគ្រោងទុក។

លោក ចៅ តុល បានលើកឡើងថា ដោយទទួលការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុងហៀង, លោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ឲ្យស្របតាមស្តង់ដា មានគុណភាព ដែលនេះស្របតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលមានគ្រោងបើកសាលារៀនឡើងវិញនៅតាមតំបន់ដែលគ្មានការឆ្លងជំងឺកូវីដ១៩។

លោកបន្តថា ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជាបានគ្រប់គ្រងបានយ៉ាងល្អបំផុត មិនឲ្យមានការរីករាលដាលឆ្លងជំងឺកូវីដ១៩លក្ខណ:ទ្រង់ទ្រាយធំ ដោយសម្ដេចតេជោ បានប្រឹងប្រែងទាំងយប់ទាំងថ្ងៃគ្មានបានសម្រាកស្រួលខ្លួនឡើយ ធ្វើយ៉ាងណាខិតខំរកសេចក្ដីសុខជូនពលរដ្ឋចៀសផុតគ្រោះកម្មនៃជំងឺកូវីដ១៩នេះ ពិសេសគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រ គ្រប់ស្រទាប់វណ្ណ: គ្មានប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងការរៀបចំសាងសង់នេះលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ បានសំដែងការត្រេកអរ សប្បាយរីករាយបំផុតដែលបានឃើញការឆ្លើយតបទាន់ពេលវេលារបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានឧបត្ថម្ភតាមរយ:លោក ចៅ តុល ខណ:ដែលការសាងសង់ពិតជាសោភ័ណភាពស្រស់ស្អាត និងមានសោភ័ណភាពខ្ពស់។

លោកបានស្នើសុំដល់បងប្អូនប្រពលរដ្ឋទូទាំងស្រុកកោះធំ បន្តការអនុវត្តន៍វិធាន «៣ការពារ និង៣កុំ» ឲ្យបានខ្ចាប់ខ្ចួន ត្បិតបានចាក់វ៉ាក់សាំងបានគ្រប់ដូសមែនពិត ប៉ុន្តែទោះយ៉ាងណាក៏ត្រូវតែចូលរួមការពារខ្លួនទាំងអស់ បន្តទៀតដើម្បីសុខសុវត្ថិភាពសង្គមយើង។

សូមជម្រាបថា តាមរយ:ការចុះជួយខ្នះខ្នែងជួយពីសំណាក់លោក ចៅ តុល, ស្រុកកោះធំ ហាក់ប្រែប្រួលមុខមាត់យ៉ាងខ្លាំង ដោយមានការរីកចំរើន និងមានសម្មិទ្ធផលដូចខាងក្រោម៖

*កសាងវិហារអ៉ីស្លាមដ៏ធំលំដាប់ទី២នៅកម្ពុជា
*ការកសាងហេដ្ឋារចនាសម្ព័ន្ធ
*ការសាងសង់វ្រាំងទន្លេក្រោយវិហារអ៉ីស្លាម
*ការដាក់អំពូលភ្លើងសូឡា
*ការស្ថាបនាផ្លូវបេតុង
*ការកសាងសាលារៀនសាសនាអ៉ីស្លាម
*ការកសាងខ្លោងទ្វាវិហារអ៉ីស្លាម
*ការជួសជុលដំបូលវិហារ
*ការក្រាលការ៉ូឡា
*ការរៀបចំសួន
*ការយុបតែងឈើក្នុងវិហារអ៉ីស្លាម
*ការរើបចំរុបតែងគ្រឿងលម្អគ្រប់បែបយ៉ាងក្នុងវិហារអ៉ីស្លាម ដែលគិតជាថវិការខ្ទង់លានដុល្លាឯណោះ ដែលការរីកចំរើននេះ ទទួលបានការសាទរជាអនេកពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកោះធំ ពិសេសគឺសំរាប់បងប្អូន សាសនិកអ៉ីស្លាមតែម្ដង។ គម្រោងសាសងសង់វិហារនៅភូមិចាមក្រោមមានតម្លៃជាង ២០ម៉ឺនដុល្លា ក៏គ្រោងសាងសង់ជាបន្តបន្ទាប់ផងដែរក្រោមការដឹកនាំរបស់លោក ចៅ តុល៕