(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីជូនដំណឹង ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ ក្នុងមូលដ្ឋានស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកជុំគីរី ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែកញ្ញា។
បើតាមរដ្ឋបាលខេត្តកំពត ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមគោលការណ៍ស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ ចាប់ផ្តើមពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង២រសៀល និងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១តទៅ ចាប់ផ្តើមពេលព្រឹកចាប់ពីម៉ោង៨៖០០នាទី ដល់ម៉ោង ១៧៖០០នាទី នេះតទៅ (ដោយឈប់សម្រាកអាហារថ្ងៃត្រង់ម៉ោង១២៖០០ ដល់ម៉ោង១៤៖០០នាទីរសៀល) ហើយពុំមានការឈប់សម្រាកថ្ងៃសៅរ៍-អាទិត្យ នោះឡើយ។ ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកន្លងមកអាចទៅចាក់បាននៅតាមទីតាំងណាមួយ ដែលនៅជិតផ្ទះរបស់លោកអ្នក។
ដូច្នេះសូមប្រជាពលរដ្ឋភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬលិខិតដែលមានបញ្ជាក់ពីអាជ្ញាធរឃុំ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើប័ណ្ណចាក់វ៉ាក់សាំងជូន និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងការចាក់វ៉ាក់សាំង ហើយសូមប្រកាន់ភ្ជាប់នូវវិធានការ «៣កុំ និង៣ការពារ» ព្រមទាំងរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អប្រសើរប្រកបដោយសេចក្តីថ្លៃថ្នូរ៕