(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទទ្វារទឹកត្រង់ចំណុចលូមុខ៤ និងកាយផ្តាច់ផ្លូវទំនប់៥៤ ស្ថិតនៅក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ថ្មីៗនេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យមានទឹកជំនន់ជន់លិច ហូរចូលបរិវេណគម្រោងសាងសង់អាកាសយ៉ានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមប្រឡាយ៩០ និងទំនប់៥៤ ជាពិសេសប៉ះពាល់គម្រោងសាងសង់ផ្លូវរត់ទី១ (Runway1) ដែលជាគម្រោងអាទិភាពត្រូវអនុវត្តឱ្យបានឆាប់តាមផែនការកំណត់។
ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ លើការលិចលង់ការដ្ឋានគម្រោងសាងសង់ផ្លូវរត់ហោះទី១ ក្រុមការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងអនុវត្តការងារដូចខាងក្រៅម៖
*បិទជាបណ្តោះអាសន្ននូវលូមុខ៤ ចំណុចកែងប្រឡាយ៩០ និងទំនប់៥៤
*កាយផ្តាច់ទំនប់៥៤ ចាប់ពីចន្លោះប្រឡាយ៩០ ដល់ប្រឡាយ៩២
*ស្នើប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវវាងស្របតាមមាត់ស្ទឹងទន្លេបាទី ដែលបានរៀបចំរួចហើយ។
ទទួលបានសេចក្តីជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ចក្រុមការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងប្រជាពលរដ្ឋពាក់ព័ន្ធក្នុងតំបន់នោះ ត្រូវចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ ករណីមានជនណារារាំងការអនុវត្តខាងលើនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕