(ឧត្តរមានជ័យ)៖ យានយន្តដឹកជញ្ជូនទំនិញរបស់ប្រទេសថៃចូលកម្ពុជា ដឹកលើសទម្ងន់កម្រិតកំណត់ សរុបចំនួន ១៣គ្រឿង ឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានក្រុមការងារចល័តចម្រុះកម្ពុជា នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ។
ការបង្ក្រាបនេះ ធ្វេីឡេីងដោយក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួន។
ប្រតិបត្តិការឃាត់យានយន្តទាំង ១៣គ្រឿងនេះ បានធ្វើឡើង នៅលើផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះគ.ម ១០៦-១០៧ ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រថយន្តល្មើសទាំងនេះដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៧តោន ទៅ ០៨តោន ក្នុងនោះដឹកទំនិញ ដូចជា ស៊ីម៉ងត៍ ជ្រូក អំបិល ផ្លែឈើ និងប្រហិត។
ក្រសួងសាធារណការ ក៏បានក្រើនរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ទៀតថា ក្រសួងនឹងបន្តអនុវត្ត តាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕