(ភ្នំពេញ)៖ កម្ពុជា និងកូរ៉េខាងត្បូង បាននិងកំពុងរៀបចំគម្រោង ដើម្បីទទួលដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានាធិបតីកូរ៉េខាង ត្បូង ប៉ាក គឿនហេ ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ការទទួលដំណើររបស់លោកស្រី ប៉ាក គឿនហេ បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានបដិសេធដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានទទួលជួបសំណេះសំណាលការងារ និង សម្តែងការគួរសមជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Kim Hyoung-zhin។ ជំនួបបានធ្វើឡើងក្រោមបរិយាកាសរីករាយ និង ស្និទ្ធស្នាល។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង និងលោក Kim Hyoung-zhin បានគូសបញ្ជាក់យ៉ាងច្រើនពីទំនាក់ទំនង ដ៏ល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង ហើយក៏បានសន្យា ពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរថែមទៀត។
បើតាមលោក ជុំ សុន្ទរី នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រាប់លោក Kim Hyoung-zhin ថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូងប្រៀបដូចជាទំនាក់ទំនងសាច់ញាតិ គ្រាដែលមាននារីខ្មែរប្រមាណជា ៧ពាន់នាក់ បានរៀបការជាមួយបុរសកូរ៉េខាងត្បូង។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និង លោក Kim Hyoung-zhin ក៏បានពិភាក្សាគ្នាពីគម្រោងក្នុងការទទួលដំណើររបស់លោកស្រី ប៉ាក គឿនហេ មកកម្ពុជាផងដែរ។ បើតាមលោក ជុំ សុន្ទរី លោកស្រី ប៉ាក គឿនហេ អាចនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០១៦នេះ តែមិនទាន់មានការបញ្ជាក់ពីពេលវេលាជាក់លាក់ នៅឡើយនោះទេ។
កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ ក្នុងឱកាសចូលជួបជម្រាបលាលោក ហោ ណាំហុង ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក ហុង គី ចយ ក៏បានបង្ហាញពីបំណងរបស់មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង គឺលោកប្រធានរដ្ឋសភា និងរដ្ឋមន្រ្តីក្រសួងការបរទេសរបស់កូរ៉េខាងជើង ចង់មកបំពេញទស្សនកិច្ចនៅកម្ពុជា។ មិនតែប៉ុណ្ណោះកូរ៉េខាងជើង ក៏ចង់អញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងផងដែរ។
វត្ថុបំណងរបស់មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងនេះ ត្រូវបានលោក ហោ ណាំហុង ច្រានចោល ដោយបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាប់កម្មវិធីច្រើន ហើយកម្ពុជា ក៏មមាញឹកជាមួយកិច្ចការផ្សេងៗមិនទាន់មានពេលវេលាក្នុងការទទួលមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង ក៏ដូចជាទៅទស្សនកិច្ចនៅកូរ៉េខាងជើងនោះទេ។ ការបដិសេធដំណើររបស់កូរ៉េខាងជើង បានធ្វើឡើងនៅចំពេលកូរ៉េខាងជើង ត្រូវបាន អង្គការសហប្រជាជាតិ និងបណ្តាប្រទេសនៅលើពិភពលោក កំពុងថ្កោលទោស ចំពោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។
កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានគេដឹងថា ភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅក្នុងឆ្នាំ១៩៩៦ ធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតី គឹម យ៉ុងសាន។ ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង បានរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល ២០ឆ្នាំមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខលេខ២១ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង បានរីកចម្រើនខ្លាំង ក្នុងនោះកូរ៉ខាងត្បូង បានវិនិយោគ ផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើន ដើម្បីអភិវឌ្ឍកម្ពុជា ហើយចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូង ក៏បានកើនឡើងច្រើនផងដែរ។
តាមរយៈការស្វាគមន៍នូវដំណើររបស់ប្រធានាធិបតីកូរ៉េខាងត្បូង ហើយច្រាន់ចោលដំណើរមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង ជាសារបង្ហាញ ឲ្យឃើញថា កម្ពុជា បាននិងកំពុងចាប់ដៃបង្កើនទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យកូរ៉េខាងត្បូង។ វាក៏ជាសារបង្ហាញថា មេដឹកនាំកម្ពុជា គឺជាអ្នកប្រជាធិបតេយ្យនិយមផងដែរ៕