(បន្ទាយមានជ័យ)៖ ក្រោយមានភ្លៀងធាក់ជាបន្តរបន្ទាប់ជាប់ៗគ្នា ធ្វើឲ្យលំនៅដ្ឋានពលរដ្ឋមួយចំនួន វត្តអារាម និងផ្លូវជាច្រើនកំណាត់ត្រូវបានកាត់ផ្តាច់ទាំងស្រុង ហើយលូបង្ហូរទឹកត្រូវបានកកស្ទះនោះ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំអភិបាលរងក្រុង មន្ត្រីរដ្ឋបាលក្រុង ក្រុមការងារសង្កាត់ និងកម្លាំងសមត្ថកិច្ចទាំង៣អង្គភាព អញ្ជើញចុះពិនិត្យ និងសិក្សារំដោះទឹកជំនន់ ដើម្បីបញ្ជៀសការជន់លិច ក្នុងទីប្រជុំរបស់បងប្អូនប្រជាពលរដ្ឋ។

អាជ្ញាធរក្រុងប៉ោយប៉ែត បានសម្រេចបើកទ្វារទឹកមួយចំនួន ហើយយកគ្រឿងចក្រកាយផ្ដាច់ផ្លូវលំមួយខ្សែ ដើម្បីបញ្ចៀសទឹកជំនន់ទឹកភ្លៀងក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត និងភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល។

ក្នុងឱកាសនោះ អាជ្ញាធរក្រុងប៉ោយប៉ែត សូមអំពាវនាវដល់ពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ហាមកូនចៅមិនឲ្យលេងទឹកនិងការពារនៅសត្វអសេរពឹសដោយយថាហេតុផងដែរ៕