(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវនយោបាយដឹកនាំដ៏ច្បាស់លាស់មួយ អំឡុងពេលសមាជកំពូលរបស់គណបក្ស នៅខែឧសភា ខាងមុខ នេះ ដែលមិនធ្លាប់មានក្នុងរយៈពេល ៣៦ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦។
អ្នកជំនាញខាងវិភាគស្ថានការណ៍កូរ៉េខាងជើង នៅកូរ៉េខាងត្បូងបានអះអាងទៀតថា កូរ៉េខាងជើងទំនង ជានឹងប្រារព្ធសមាជកំពូលដ៏កម្របំផុតនោះឡើង ដើម្បីបង្ហាញពីការប្តេជ្ញាអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និង សេដ្ឋកិច្ចស្របពេលជាមួយគ្នាតែម្តង។ វាក៏ជាការបង្ហាញពីសម័យកាលដឹកនាំរបស់ត្រកូល គីម ជំនាន់ទីបី សម្រាប់សមាជបក្សលើកទី៧ ដើម្បីបង្ហាញថា កូរ៉េខាងជើងនៅតែប្រកបដោយជោគជ័យ និង ភាពត្រចះត្រចង់ ជានិច្ចក្រោមការដឹកនាំរបស់ត្រកូលគីម។
គួរបញ្ជាក់ថា របបដឹកនាំកូរ៉េខាងជើងពីជំនាន់ទីមួយមក បានឈរលើគោលនយោបាយមួយឈ្មោះថា Byongjin ដែលជានយោបាយជម្រុញទឹកចិត្តពុះពាររបស់ប្រជាជនគ្រប់ៗរូបឲ្យស្រឡាញ់ប្រទេសជាតិ កាន់តែខ្លាំង តែយកវិស័យយោធាជាធំ និងបន្ទាប់មកគឺការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងសេដ្ឋកិច្ចជាតិ។ កូរ៉េខាងជើង នឹងរៀបចំសមាជខាងលើនេះ តាមការគ្រោងទុក បើទោះបីជាខ្លួនកំពុងប្រឈមមុខនឹង ទណ្ឌកម្មជុំជិតពីអន្តរជាតិយ៉ាងណាក៏ដោយ៕