(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលថ្មីខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រីចំនួន១៣នាក់ និងវត្ថុតាងពាក់ព័ន្ធមានទាំងម៉ូតូ និងរថយន្ដផងដែរ បន្ទាប់ពីពួកគេនាំគ្នាពពាក់ពពូនប្រមូលផ្ដុំសង្ងំលេងល្បែងបៀរ ដែលច្បាប់កំពុងហាមឃាត់ដាច់ខាត ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រតិបត្តិការបង្ក្រាបវង់ល្បែងស៉ីសងប្រភេទលេងបៀររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវនេះ បានអនុវត្តឡើងភ្លាមៗ បន្ទាប់ពីអាជ្ញាធរទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ស្ថិតនៅទីតាំងឃ្លាំងដ៏ធំមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។
លោក ឯក ឃុនដឿន បានលើកឡើង បន្ទាប់ពីបំបែកទីតាំង និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងបៀរទាំង១៣នាក់ (ប្រុស៧នាក់-ស្រី៦នាក់) និងឃាត់ទាំងមធ្យោបាយធ្វើដំណើរ មានរថយន្ដ២គ្រឿង និងម៉ូតូ១គ្រឿង ជាមួយសម្ភារមួយចំនួនទៀត (កៅអីនិងតុ) ត្រូវបានបញ្ជូនភ្លាមៗមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ក្នុងការបន្តតាមនីតិវិធីនៃការអប់រំតាមច្បាប់ ដើម្បីពង្រឹងបន្ថែមទៀត ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕