(ភ្នំពេញ)៖ ស្នងការនគរបាលរាជាធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានធ្វើការព្រមានធ្ងន់ៗជាថ្មី លើមន្រ្តីនគរបាលក្នុងរាជធានីភ្នំពេញ ឲ្យបញ្ឈប់យកកម្រៃក្រៅសេវា ពីប្រជាពលរដ្ឋលើការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត ដើម្បីជៀសវាងការតិះទៀនផ្សេង។
ការព្រមានរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ បានធ្វើឡើងក្នុងពិធីបើកអង្គសន្និបាត ត្រួតពិនិត្យសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍បានថ្លែងថា កន្លងមកនេះ ស្ទើរតែនៅគ្រប់វេទិការសាធារណៈមានប្រជាពលរដ្ឋជាច្រើន បានលើកឡើងឥតដាច់ ពាក់ព័ន្ធភាពយឺតយ៉ាវ នៃការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់កំណើត។
លោកស្នងការបន្តថា មានប្រជាពលរដ្ឋខ្លះបានលើកឡើងថា ការធ្វើលិខិតស្នាមទាំងនោះ មានការយកកម្រៃក្រៅសេវាពី ៣០ដុល្លារទៅ ៨០ដុល្លារ និងដល់ជាង១០០ដុល្លារ ក៏មានបើចង់បានលឿន៕