(ភ្នំពេញ)៖ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានចេញសេចក្តីជូនដំំណឹងមួយ ប្រាប់ឲ្យប្រជាពលរដ្ឋម្ចាស់ទីតាំងអាជីវកម្ម ដែលមានក្បាលដីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុង រណបជ្រោយចង្វារ ឲ្យចូលរួមសហការបង្កលក្ខណៈងាយស្រួលជាមួយអាជ្ញាធរ ដើម្បីស្ថាបនាផ្លូវទំហំ១០០ម៉ែត្រ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ស្របតាមប្លង់មេនៃគម្រោងអភិវឌ្ឍទីក្រុងរណប ដើម្បីត្រៀមលក្ខណៈឲ្យរួចរាល់មុនរដូវវស្សាមកដល់ ការពារការលិចលង់ដោយទឹកភ្លៀង។
លោក ឃ្លាំង ហួត បានសរសេរក្នុងលិខិតថា «សាលាខណ្ឌជ្រោយចង្វារ សូមជម្រាបជូនដំណឹងដល់អស់លោក លោកស្រី ម្ចាស់ទីតាំងអាជីវកម្ម ដែលមានក្បាលដីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារឲ្យបានជ្រាបថា ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារឲ្យបានជោគជ័យ និងឆាប់រហ័ស សាលារាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ស្របតាមប្លង់មេនៃគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅមុនរដូវវស្សាខាងមុខនេះ។ ដូចនេះ សូមអស់លោក លោកស្រី ដែលមានក្បាលដីពាក់ព័ន្ធ ចូលរួមសហការក្នុងការស្ថាបនាប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងការស្ថាបនាផ្លូវដើម្បីសម្រួលដល់ការធ្វើចរាចរ ក៏ដូចជារំដោះទឹកភ្លៀងកុំឲ្យដក់លិចលង់ភូមិដ្ឋានក្នុងតំបន់»៕
សូមអានសេចក្តីជូនដំណឹង របស់សាលាខណ្ឌជ្រោយចង្វារទាំងស្រុង៖