(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលថ្មីខណ្ឌឬស្សីកែវ បានចង្អុលបង្ហាញគម្រោងប្លង់ជាបណ្ដើរៗចំពោះទីតាំងដីឡូត៍ ដែលត្រូវត្រៀមវាស់វែងពុះចែកបងប្អូនប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ ក្រោយពីមន្ត្រីពាក់ព័ន្ធ និងក្រុមការងារ បានចំណាយពេលក្នុងការដោះស្រាយចប់សព្វគ្រប់ស្ទើរតែ១០០% នៃរឿងរ៉ាវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ អស់រយៈពេលជិត២០ឆ្នាំមកហើយ។

លោក ឯក ឃុនដឿន បានចង្អុលបង្ហាញគម្រោងប្លង់នេះ ក្នុងពេលដែលលោកអមដំណើរពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ, លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ, លោក ប៊ុន ឡុង ប្រធានការិយាល័យដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌ, មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋមួយចំនួនទៀត ដើម្បីចុះពិនិត្យជាថ្មីម្ដងទៀត ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

លោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឬស្សីកែវ ដែលជាអ្នកសម្របសម្រួលដឹកនាំដោះស្រាយទំនាស់នានា តំណាងឱ្យលោក ឯក ឃុនដឿន អភិបាលខណ្ឌថ្មី បានបញ្ជាក់យ៉ាងដូច្នេះថា «ទម្រាំឈានដល់ការបើកផ្លូវបាន និងស្ថាបនាចេញជាផ្លូវបេតុង១ខ្សែ និងបើកផ្លូវបន្ថែម១ខ្សែទៀត ព្រមទាំងវាស់វែងកំណត់ព្រំក្បាលដីឡូត៍នីមួយៗ (១០ គុណ ៣០) ចេញជារូបរាងប្រហែល៣សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងអាចធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវនេះហើយ។

លោកថា ដំណោះស្រាយនេះ ក៏ដោយសារការអនុវត្តក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រោយពីរដ្ឋបាលខណ្ឌ-សង្កាត់ និងការិយាល័យជំនាញដែនដីខណ្ឌ ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចំណាយពេលក្នុងការដោះស្រាយចប់សព្វគ្រប់ស្ទើរតែ១០០% នៃរឿងរ៉ាវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ ដែលបានអូសបន្លាយអស់រយៈពេលជិត២០ឆ្នាំមកហើយ មកទល់បច្ចុប្បន្ន៕