(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូច ចំពោះការអនុវត្តច្បាប់លើសំណុំរឿងជាក់លាក់មួយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងសេចក្តីថ្លែងការដដែលនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានច្រានចោលយ៉ាងដាច់អហង្ការ នូវការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់អ្នករាយការណ៍ពិសេសខាងលើ មកលើអាជ្ញាធរកម្ពុជា តាមរយៈការអត្ថាធិប្បាយបែបនយោបាយូបនីយកម្ម ជ្រើសរើសតែមួយជ្រុង និងបង្កការភ័ន្តច្រឡំដល់សាធារណជន។
ខាងក្រោមនេះ គឺការសង្កេតសំខាន់ៗមួយចំនួន៖
* ទី១៖ ការនិយាយយោងទៅសាវតារនយោបាយរបស់គ្រួសារជនជាប់ចោទ គឺបានចង្អុលបង្ហាញពីការប៉ុនប៉ងធ្វើនយោបាយូបនីយកម្មលើរឿងក្តីនេះ។ ការចូលរួមជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៉ីវិលណាមួយ ពុំមែនជាអភ័យឯកសិទ្ធិសម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ នៅកម្ពុជា ការចោទប្រកាន់ចំពោះបុគ្គលណាម្នាក់គឺផ្អែកលើបទល្មើស ដែលបានប្រព្រឹត្តនិងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថាតើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។ ដោយសំអាងលើភស្តុតាងរឹងមាំ និងស៉ីសង្វាក់ ការចោទប្រកាន់ទាំងអស់ត្រូវបានធ្វើឡើងស្របតាមមាត្រា៤៩៤ ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតាក់តែងឡើង ដោយមានជំនួយបច្ចេកទេសពីអ្នកជំនាញនៃប្រទេសលោកខាងលិច។
* ទី២៖ តុលាការកម្ពុជាជំនុំជម្រះក្តីដោយសំអាងលើភស្តុតាងរឹងមាំជាក់ស្តែង រួមទាំងលិខិតបញ្ចាក់វេជ្ជសាស្ត្រ អះអាងពីស្ថានភាពសុខភាពជាក់លាក់ ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមឡើយ។ រាល់ការចោទប្រកាន់និងការអនុវត្តនីតិវិធី គឺស្របតាមច្បាប់ទាំងស្រុង ដូចជាមាត្រា២១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្តោះអាសន្នចំពោះអនីតិជន។ ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ គឺស្មើនឹងការប្រមាថទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស និងទៅលើអធិបតេយ្យជាតិ។
*ទី៣៖ ការថ្លែងអះអាងថា ជនជាប់ចោទ «ត្រូវបានសួរចម្លើយដោយគ្មានមេធាវីការពារក្តី» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈ របស់អ្នករាយការណ៍ពិសេស ក្នុងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវលើប្រភពព័ត៌មាន។ កំហុសនេះនឹងអាចបញ្ចៀសបាន ប្រសិនបើពួកគាត់ប្រកាន់យកវិធីសាស្រ្តធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន មុននឹងប្រញាប់ប្រញាល់ចេញផ្សាយសេចក្តីប្រកាសព័ត៌មាន ក្រោមហេតុផលជាក់លាក់ណាមួយនោះ។
* ទី៤៖ អ្នករាយការណ៍ពិសេសទាំងនោះមិនធ្លាប់ទាល់តែសោះ លើកទឹកចិត្តឱ្យមានការបែងចែកឱ្យបានច្បាស់នៃការបញ្ចេញមតិដោយសេរី ពីវោហារសព្ទដែលបង្កគ្រោះថ្នាក់។ វិធីសាស្រ្តបែបនេះរបស់អ្នករាយការណ៍ពិសេស គឺងាកចេញពីគន្លងវិធីសាស្រ្តរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយនិងសម្តីស្អប់ខ្ពើម គឺជាការវាយប្រហារលើគោលតម្លៃនៃបទដ្ឋាន និងគោលការណ៍សិទ្ធិមនុស្ស។ ជំនួសឱ្យការប្រើប្រាស់វិធីសាស្រ្តបញ្ចេញឈ្មោះដើម្បីបន្ទោសបង្អាប់ អ្នករាយការណ៍ពិសេស គប្បីជួយដល់រដ្ឋក្នុងការដោះស្រាយបញ្ហានៃការប្រើប្រាស់វោហារសព្ទដែលបង្កគ្រោះថ្នាក់ នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទូទាំងសកលលោក។
សរុបសេចក្ដីមក អ្នករាយការណ៍ពិសេសត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «ក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស» ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃការចងក្រងព័ត៌មានពិត ដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងការគោរពបទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការអនុវត្តប្រកបដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចធ្វើឱ្យបណ្ដារដ្ឋទាំងអស់ និងប្រទេសកម្ពុជា អាចរក្សាបាននូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយនឹងយន្តការនេះ៕