(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន រយៈពេល១សប្តាហ៍បន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងភូមិសាស្ត្រខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដែលមានថិរវេលាអនុវត្ត រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ១៩ ប្រភេទ Delta»។

រដ្ឋបាលខេត្តបានបន្ថែមទៀតថា ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្រ្តទូទាំងខេត្តចាប់ពីម៉ោង២១ ដល់ម៉ោង៣ព្រឹកជាកំហិត លើកលែងតែចំពោះករណីដូចខាងក្រោម៖

*ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
*ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
*ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ
*ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
*សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគ បរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនឹងទប់ស្កាត់ជំងឺកូវីដ១៩, ទីតាំងផលិត និងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត, ស្ថានីយ៍ប្រេង ឥន្ធនៈ-ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត។
*រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែល ត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត
*ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖