(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាលើកទី៩ ចំនួន ២០លានរៀល និងសម្ភារមួយចំនួនជាលើកទី១១ ជូនអង្គការសង្គ្រោះជនអស់សង្ឃឹម។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជានិងលោកស្រី ម៉ារី អិន្ស ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំការសាកសួរសុខទុក្ខនិងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកស្រី ម៉ារី អិន្ស ក្នុងការបន្តដឹកនាំ និងជាម្លប់ដ៏កក់ក្តៅដល់កូនៗចៅៗ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹង។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្តថា សូមបុគ្គលិក សមាជិក ដែលរស់នៅក្នុងអង្គការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ។

ជាមួយគ្នានេះដែរ លោកស្រី ម៉ារី អិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូដល់សុខភាពរបស់លោកស្រីផ្ទាល់ ក៏ដូចជាសុខទុក្ខ បុគ្គលិក សមាជិកក្នុងអង្គការគ្រប់ពេលវេលា។

លើសពីនោះ ថវិកា និងសម្ភារទាំងដែលបានប្រគល់មកអង្គការនៅពេលនេះ លោកស្រី នឹងកាន់តែមានលទ្ធភាពផ្គត់ផ្គង់អាហារ និងស្លៀកពាក់គ្រប់គ្រាន់ ដល់ក្មេងៗក្នុងអង្គការ។

សូមជម្រាបថា សម្ភារផ្តល់ជូនរួមមាន៖ អង្ករ ២តោន មី៣០កេស ត្រីខ៥កេស ទឹកក្រូច ១០កេស ទឹកបរិសិទ្ធ២០កេស ទឹកស៊ីអ៊ីវ ១០យួរ ទឹកត្រី១០យួរ ប្រេងឆា ៣កេស អំបិល៥០គីឡូក្រាម ម៉ាស២កេស អាល់កុល ៣០លីត្រ និងថវិកា ២០លានរៀល៕