(ភ្នំពេញ)៖ ឃាតកជនជាតិវៀតណាម ដែលធ្វើសកម្មភាពសម្លាប់ រួចរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវបានលោក ម៉េង តូនី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម មានស្ថានទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះ តាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ ។
មន្ត្រីតុលាការថ្លែងថា ជនត្រូវចោទមានឈ្មោះ ដាង យ៉ាំងដូ ហៅរីដូ ហៅ ភ័ក្រ ហៅធា ជនជាតិវៀតណាម អាយុ២១ឆ្នាំ ត្រូវបាននគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលស្រុកគីរីវង់ ខេត្តតាកែវ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចច្រាំងទន្លេបាសាក់ ផ្លូវលំ ក្រុមទី២៨ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមចម្លើយសារភាពរបស់ឃាតករ មូលហេតុ ដែលឈានទៅដល់ការសម្លាប់រួចរំលោភនេះ ដោយសារខឹងជនរងគ្រោះដើរមកប៉ះហើយជេរស្ដីបន្ទោសទើបខឹង ក៏ចាប់ច្របាច់កសម្លាប់រួចរំលោភជាក្រោយ។
គួររំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានប្រទះឃើញសពក្មេងស្រីម្នាក់ស្លាប់ទាំងអាក្រាតកាយ នៅចំណុចជាប់ច្រាំងទន្លេបាសាក់មុខវត្តចាក់អង្រែក្រោម ស្ថិតក្នុងក្រុម៣៨ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយមកទើបគេដឹងថា ក្មេងស្រីនោះមានឈ្មោះស្រីពៅ អាយុ១៥ឆ្នាំ ជាសិស្ស មានស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយបានមកលេងផ្ទះឪពុកមា បានមួយថ្ងៃ ក៏ត្រូវបានឃាតកសម្លាប់រួចរំលោភយកទៅប្លុងចោលតែម្ដង ៕