(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមីនានេះ បានជំរុញលើកទឹកចិត្តដល់យុវជន យុវនារីទាំងអស់នៅកម្ពុជា ខឹងខំប្រឹងប្រែងរៀនសូត្រ និងចៀសឲ្យផុតពីអំពើអបាយមុខ និងគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីចាប់យកឱកាសល្អៗ និងជំម្រើសយ៉ាងច្រើនសម្រាប់ជីវិត ខណៈដែលប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ដែលផ្តល់ឱកាសប្រជាពលរដ្ឋ និងយុវជនដោយគ្មានការរើសអើង។
សម្តេចតេជោតាមរយៈ Facebook របស់សម្តេចបានសរសេររៀបរាប់ ពីជីវិតរបស់យុវជនក្នុងសម័យសង្គ្រាម ដែលក្នុងឱកាសធ្វើអ្វីក្រៅតែពីការត្រៀមខ្លួនធ្វើសង្គ្រាម ហើយប្រជាពលរដ្ឋរង នូវផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមនេះ ។ ជាក់ស្តែងដូចអ្វីដែលបានឃើញស្រាប់ គឺសង្រ្គាមកាប់សម្លាប់នៅមជ្ឈឹមបូព៌ាសព្វថ្ងៃ កំពុងបំផ្លាញអាយុជីវិតយុវជន និងអនាគតរបស់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សម្តេចតេជោ ក៏ធ្លាប់ជាយុវជនដែលគ្មានឱកាសម្នាក់ដែរ កាលពីជំនាន់សង្រ្គាមទសវត្សរ៍ឆ្នាំ១៩៧០ សម្តេចគ្មានឱកាស និងគ្មានជម្រើសអ្វីក្រៅពីធ្វើទាហាន រហូតដល់ពិការភ្នែកទៀតផង។ យុវជនបច្ចុប្បន្នមានឱកាស និងជម្រើសច្រើនយ៉ាងសម្រាប់ជីវិត។ សូមយុវជនយុវនារី កុំបណ្តោយឲ្យបាត់បង់ឱកាសល្អៗ។ ត្រូវតែប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវតែចៀសឲ្យផុតពីអំពើអបាយមុខគ្រប់យ៉ាង និងគ្រឿងញៀនគ្រប់ប្រភេទ ។ សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងឱកាស សម្រាប់ពលរដ្ឋ និងយុវជនដោយគ្មានការរើសអើង»។
សម្តេចបានបញ្ជាក់បន្ថែមថា ការគាំទ្រយ៉ាងពេញទំហឹង របស់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្រ្តីរាជការ កងទ័ព លោកគ្រូអ្នកគ្រូ ព្រះសង្ឃ យុវជន យុវនារី សិស្សានុសិស្ស ព្រមទាំងពីក្រុមគ្រួសារកូនចៅ សម្តេចតេជោផ្ទាល់ គឺបានផ្តល់នូវកម្លាំងចិត្ត និងទំនុកចិត្តដល់សម្តេចដើម្បីបន្តដឹកនាំ កសាងអភិវឌ្ឍន៌ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕