(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្នើសុំបំពេញ ប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តាមប្រព័ន្ធអេឡិចត្រូនិក (e-Registration) សម្រាប់ថ្នាក់ជាតិ។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ការកសាងរដ្ឋាភិបាលឌីជីថល គឺជាកិច្ចការអាទិភាពដែលត្រូវចាប់ផ្តើម ធ្វើបរិវត្តកម្មឌីជីថល ដោយផ្តោតលើការពង្រឹងសេវាសាធារណៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាស្នូល សំដៅជំរុញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្នុងន័យនេះ ក្រសួងបានបង្កើតនូវប្រព័ន្ធស្នើសុំបំពេញប្រតិបត្តិការអាជីវកម្មសម្រាប់ថ្នាក់ជាតិ ដែលមានឈ្មោះថា «ប្រព័ន្ធ e-Registration»។ ប្រព័ន្ធនេះ នឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដល់ប្រតិបត្តិករ ឬម្ចាស់អាជីវកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ សម្រាប់បំពេញប្រតិបត្តិការ អាជីវកម្មក្នុងវិស័យប្រៃសណីយ៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

ប្រតិបត្តិករ ឬម្ចាស់អាជីវកម្ម អាចដាក់ពាក្យស្នើសុំ តាមរយៈគេហទំព័រ service.mptc.gov.kh និងសូមស្កេន QR Code ខាងក្រោម ដើម្បីទាញយកសៀវភៅណែនាំ អំពីការប្រើប្រាស់ប្រព័ន្ធ e-Registration នេះ។

ក្រសួងប្រៃសណីយ៍ សូមណែនាំក៏ដូចជាលើកទឹកចិត្តឲ្យប្រតិបត្តិករ ឬម្ចាស់អាជីវកម្មទាំងអស់ ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ e-Registration ដើម្បីជាជំនួយដល់ការស្នើសុំ បំពេញប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយក្រសួងរីករាយនឹងទទួលមតិយោបល់ត្រលប់ពីប្រតិបត្តិករ ឬម្ចាស់អាជីវកម្ម ដើម្បីធានាដល់ប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធនេះ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងបច្ចេកទេសនៃការប្រើប្រាស់ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៧២៤ ៩១១ (សម្រាប់វិស័យប្រៃសណីយ៍) និង ០២៣ ៧២៣ ០៨៣ (សម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន) នៅរៀងរាល់ម៉ោងធ្វើការ៕