(បន្ទាយមានជ័យ)៖ នៅអគារទីស្នាក់ការច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត (កម្ពុជា-ថៃ) ខេត្តបន្ទាយមានជ័យ ត្រូវបានជួសជុល កែលម្អឡើងវិញរួចរាល់ និងត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ តទៅ។
អគារនេះដែលមានទីតាំងស្ថិតនៅលើផ្ទៃដី ចំនួន៨៦១៨ម៉ែត្រការ៉េ ក្នុង នោះរួម មានអគារបំពេញបែបបទច្រកចេញ-ចូលទំហំ ៣៥,៥០ម៉ែត្រ គុណ៥៦,៣៩ម៉ែត្រ ដែលមានកម្ពស់៣ជាន់ (ជាន់ផ្ទាល់ដី, ជាន់ទី១, ជាន់ទី២) អំពីបង្តុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿងស្រកាលេញ តម្លើងបុស្សុក ចំនួន០៥ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់។
ពិធីដាក់ឱ្យដំណើរការឡើងវិញ អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (កម្ពុជា-ថៃ) ត្រូវបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ល តំណាងលោក សក់ សេដ្ឋា រដ្ឋមន្រ្តីស្តីទីក្រសួងមហាផ្ទៃ និងការអញ្ជើញ ចូលរួមពីប្រធានអនុប្រធានការិយាល័យអង្គភាព ជំនាញពាក់ព័ន្ធជំវិញ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យផងដែរ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានការិយាល័យ អង្គភាព ជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចដែលបានខិតខំបំពេញតួនាទីក្នុងការបម្រើប្រជាពលរដ្ឋកន្លងមក ពិសេសក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ផងដែរថា ទីតាំងអគារខាងលើនេះ ដើមឡើយជាប្រាសាទកំពូលបី និងជាកន្លែងបំពេញបែបបទមានលក្ខណៈតូចចង្អៀត ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ឡើងថ្មីស្រឡាង និងធំទូលាយដើម្បីងាយស្រួលក្នុងកិច្ច ការបម្រើសេវាបំពេញបែបបទចេញ-ចូល ជូនភ្ញៀវជាតិ និងអន្តរជាតិ៕