(ភ្នំពេញ)៖ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាមួយរូប និងជាឳពុកក្មេងប្រុសគួរឲ្យស្រឡាញ់ម្នាក់ បានសម្តែងនូវការរិះគន់យ៉ាងខ្លាំង និងដាក់ពាក្យបណ្តឹងប្រឆាំង តវ៉ានិងការចេញសាលក្រមមួយរបស់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានអនុញ្ញាតឲ្យម្តាយក្មេងប្រុសនោះដូរ «នាមត្រកូល និងឈ្មោះ» ដោយគ្មានការកោះហៅរូបលោក ក្នុងនាមលោកជាឳពុកបង្កើត ដើម្បីសួរនាំរឿងនោះសូម្បីបន្តិចសោះឡើយ។
ការសម្តែងប្រតិកម្មខ្លាំងៗ និងប្រឆាំងតវ៉ាចំពោះសាលក្រមរបស់តុលាការ ពីសំណាក់លោក មករា ដែលជាឳពុកក្មេងប្រុសខាងលើនេះ ធ្វើឡើងបន្ទាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ ចៅក្រមឈ្មោះ វ៉េង ហ៊ត់ បានសម្រេចចេញសាលក្រមអនុញ្ញាតឲ្យ អតីតភរិយារបស់លោក ដូរ «នាមត្រកូល និងឈ្មោះ» កូនប្រុសរបស់លោក ដែលមានអាយុ៥ឆ្នាំ។
លោក មករា ដែលជាឳពុក មានវ័យ៣២ឆ្នាំ បានថ្លែងប្រាប់អង្គភាព Fresh News ទាំងទឹកមុខស្រពាប់ស្រពោនថា៖ ការសម្រេចរបស់ចៅក្រមរូបនេះ បានធ្វើឲ្យលោកជាឳពុក មានការឈឺចាប់យ៉ាងពន់ពេក និងប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងបំផុត ចំពោះទង្វើបែបនេះ ព្រោះបច្ចុប្បន្ននេះលោកមាន កូនប្រុសនេះតែម្នាក់គត់ ជាកូនដែលរូបគាត់ស្រឡាញ់ខ្លាំងបំផុត ស្មើកែវភ្នែកទាំងទ្វេរបស់លោកទៅទៀត។ លោក មករា បានបន្តថា ក្នុងនាមលោកជា ឳពុកប្រកបដោយ គុណវិហារធម៌ ចំពោះកូន គួរណាស់ចៅក្រម វ៉េង ហ៊ត់ ធ្វើការកោះហៅរូបលោក ដើម្បីសាកសួររឿងផ្លាស់ប្តូរឈ្មោះកូនផង គឺគ្មានការហៅសួរនាំសោះឡើយ។
ឳពុកដែលមានការឈឺចាប់ចំពោះសាលក្រម របស់តុលាការរូបនោះ បានបន្តអះអាងថា ការធ្វើបែបនេះសំណាក់អតីតភរិយារបស់លោក (ប្រពន្ធបានលះលែងគ្នាតាមផ្លូវច្បាប់ជាង១ឆ្នាំមកហើយ) ក្នុងគោលបំណងដើម្បីចង់ផ្តាច់ពូជពង្សវង្សត្រកូល និងមនោសញ្ចេតនារបស់លោក, ហើយលើសពីនេះទៅទៀត លោកបញ្ជាក់ថា ការចេញសម្រេចចេញសាលក្រមដូរ «ត្រកូល និងឈ្មោះ»នេះ ទំនងអាចមានអំពើពុករលួយ និងបក្ខពួកនិយមផងដែរ ព្រោះទាំងមេធាវី សេង សុវីណា ទំនងជាមានទំនាក់ទំនងជិតស្និទ្ធជាមួយចៅក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញរូបនោះទៀតផង។
លោកបានបន្តថ្លែងប្រាប់អង្គភាព Fresh News ថា រូបលោកបានដាក់ពាក្យបណ្តឹងប្តឹងប្រឆាំងនឹងសាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងរដ្ឋប្បវេណី លេខ២១០ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ និងបន្តប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោកទេស រដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាប្រធាន ដើម្បីជួយស៊ើបអង្កេតករណីខាងលើនេះបន្ថែមទៀត។
លោក មករា បានស្រែកទាំងអារម្មណ៍ឈឺចាប់នៅចំពោះមុខបុគ្គលិកជាន់ខ្ពស់ អង្គភាព Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំមិនទទួលស្គាល់ ជាដាច់ខាត នូវទង្វើដ៏អាក្រក់ របស់ចៅក្រមនោះទេ គួរណាស់ហៅខ្ញុំមកសួរនាំសិន, ខ្ញុំស្នើសុំឲ្យតុលាការជំនុំជម្រះសារជាថ្មីលើសំណុំរឿង ដូរឈ្មោះកូនខ្ញុំ។ តើបន្តិចនេះតុលាការអាចនឹងចេញសាលក្រម ឲ្យគេដូរឈាមកូនខ្ញុំទៀតឬ ? ខ្ញុំពិតជាឈឺចាប់ណាស់»។
ដោយឡែកពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺណាមួយជុំវិញបង្ហាញនេះ ពីសំណាក់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក វ៉េង ហ៊ត់ បាននៅឡើយទេ នៅព្រឹកថ្ងៃនេះ៕