(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃទី០៣ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្ត។
បើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ដោយសារស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» នៅក្នុងខេត្តព្រះសីហនុ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្ទាប់បន្ទាប់ទៀត ដើម្បីធានាការពារអាយុជីវិត ប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖
*បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១
*គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ
*គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃបន្ថែមទៀត។
រដ្ឋបាលខេត្ត បានឱ្យដឹងថា ក្នុងករណីប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់ តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹង ដូចរៀបរាប់ខាងលើមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ៖