(ភ្នំពេញ)៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោក ហួត ហាក់ សមាជិកគណ:កម្មាធិការកណ្ដាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលបាននាំយកសម្ភារឧបត្ថម្ភរបស់លោក CHARLIE PARK, Director of Blueye ( Korea Real Estate Agency) តាមរយៈស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសៀងហៃ រួមមាន៖ ម៉ាស់ចំនួន ២០០,០០០ ម៉ាស់ SARS- CoV2 Antigen Rapid Test ចំនួន ៥,០០០ pcs ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិតថាយ ម៉េងគ្រី បានលើកឡើងថា ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។
លោកវេជ្ជបណ្ឌិតបានបន្តថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះលោក ហួត ហាក់ ដែលបាននាំយកនូវសម្ភារឧបត្ថម្ភរបស់លោក CHARLIE PARK, Director of Blueye និងសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញ បេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕