(ភ្នំពេញ)៖ នារីវ័យក្មេង៣នាក់ ជួបជុំគ្នាហូបស្រាបលាយក្នុងបន្ទប់ជួល បណ្ដាលឲ្យពុលស្លាប់ទាំង៣នាក់បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខ២៧ ក្រុម៤៤ ភូមិ៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះ២នាក់ស្លាប់នៅបន្ទប់ជួល និងម្នាក់ទៀតស្លាប់ពេលទៅដល់ស្រុកកំណើត នៅស្រុកល្វាឯម ខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មានពីម្ដាយមីងនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០២ ខែកញ្ញា មានមិត្តភ័ក្ត្ររបស់នារីរងគ្រោះ បានទូរស័ព្ទមកគាត់ថា ក្មួយស្រីបានពុលស្រាស្លាប់។ ក្រោយពីទទួលបានដំណឹងនេះភ្លាម ម្ដាយមីងបានធ្វើដំណើរឡើងពីខេត្តព្រៃវែង មកកាន់កន្លែងកើតហេតុ។
ពេលមកដល់បន្ទប់ជួល ស្រាប់តែឃើញក្មួយស្រីរបស់គាត់ម្នាក់ ដេកស្លាប់នៅលើពូក ជាមួយមិត្តភ័ក្ត្ររបស់ខ្លួន រួចក៏បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះមកធ្វើការពិនិត្យមើល។
សមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន បានរាយការណ៍ទៅកម្លាំងជំនាញខណ្ឌ និងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការត្រួតពិនិត្យ។ ជាក់ស្តែងនៅពេលសមត្ថកិច្ចជំនាញកោសល្យវិច័យចុះមក ក៏រង់ចាំក្រុមគ្រូពេទ្យដើម្បីធ្វើតេស្ដរកជំងឺកូវីដ មុននឹងធ្វើការត្រួតពិនិត្យសពនារីរងគ្រោះទាំង២នាក់។
សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានបញ្ជាក់ថា នារីរងគ្រោះទាំង២នាក់ខាងលើ ពិតជាបានពុលស្រាស្លាប់ពិតប្រាកដមែន។ ក្រោយពិនិត្យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ព្រមពេលជាមួយគ្នានេះ ក៏មានសេចក្ដីរាយការណ៍ថា មិត្តភ័ក្រនារីរងគ្រោះទាំង២នាក់ខាងលើ ម្នាក់ទៀតដែលបានហូបស្រាជុំគ្នានៅក្នុងបន្ទប់ជួលនេះ ក៏បានស្លាប់ដូចគ្នាផងដែរ នៅពេលទៅដល់ស្រុកកំណើតនៅឯស្រុកល្វាឯម ខេត្តកណ្ដាល៕