(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីជំរិតទារប្រាក់ពីប្រជាពលរដ្ឋ និងចោទគេថា អ្នកលក់គ្រឿងញៀន។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយពេលនោះ មានកជនខិលខូចមួយក្រុមបានធាក់ទ្វារ បន្ទប់ជួលរបស់កម្មករពីរនាក់ប្តីប្រពន្ធ ទាំងកណ្តាលយប់ ដោយចោទថា ជាអ្នកលក់គ្រឿងញៀន និងជំរិតទារប្រាក់ពលរដ្ឋ នៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក៏មានព័ត៌មានជាច្រើនបានចុះទៅកន្លែងកើតហេតុ និងបានផ្សព្វផ្សាយថា ក្រុមជនខិលខូចទាំងនោះ គឺជាក្រុមបង្ក្រាបគ្រឿងញៀន ខ្លះផ្សាយថា ជាមន្ត្រីកងរាជអាវុធហត្ថ និងរៀបរាប់ថា ក្រុមជនខិលខូចទាំងនោះ មានគ្នា៥នាក់ ក្នុងនោះមានម្នាក់ អួតខ្លួនថាជាអាវុធហត្ថ ចំណែក៤នាក់ទៀត ជាសន្តិសុខយាមនៅគោលដៅនោះ បានសម្រុកចូលទៅក្នុងបន្ទប់ពួកគាត់ ហើយក៏បានយកគ្រឿងញៀន១កញ្ចប់ ចេញពីហោប៉ាវខោ រួចចាប់បុរសជាប្តីវាយខ្នោះមកខាងក្រោយ ហើយយកគ្រឿងញៀនដាក់ពីមុខជនរងគ្រោះ ដោយចោទថា ប្តីប្រពន្ធទាំង២នាក់ ជាអ្នកលក់គ្រឿងញៀន ហើយក៏គម្រាមចាប់វាយខ្នោះ បញ្ជូនប្តីទៅដាក់គុកព្រៃស ទាំងយប់ បើគ្មានលុយឲ្យពួកគេ។
ក្រោយមកដោយជនរងគ្រោះពុំមានលុយ ជនសង្ស័យក៏បានបង្ខំឲ្យប្តីប្រពន្ធទាំងពីរនាក់ យកម៉ូតូរបស់ខ្លួន ទៅបញ្ចាំនៅឃ្លាំងរំសែវ ចំនួន៥០០ដុល្លារ ហើយយកក្រដាសបញ្ចាំ យកមកឲ្យជនរងគ្រោះវិញ ទើបដោះខ្នោះប្តីចេញ លុះព្រឹកឡើង មានសន្តិសុខម្នាក់ ក្នុងចំណោមបក្ខពួកទាំង៥នាក់នោះ បានមកយកក្រដាសបញ្ចាំ ពីជនរងគ្រោះទៅបញ្ចាំបន្ថែម១០០ដុល្លារទៀត។
បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់មន្ត្រីជំនាញ ឲ្យចុះស្រាវជ្រាវជាបន្ទាន់ រហូតរកឃើញថា ជនខិលខូចទាំងនោះ គ្មានអ្វីពាក់ព័ន្ធនឹងអាវុធហត្ថណាម្នាក់ឡើយ ហើយក៏ប្តេជ្ញាតាមចាប់ជនខិលខូចដែលគេអះអាងថា ជាអាវុធហត្ថនោះឲ្យខាងតែបាន។
តាមរយៈវិធានការដ៏ម៉ឹងម៉ាត់របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ បានលឺដល់ក្រុមគ្រួសាររបស់ជនសង្ស័យថា នឹងមិនអាចគេចទៅណារួច ក៏បាននាំខ្លួនជនសង្ស័យ ចូលមកសារភាព នៅចំពោះមុខអាវុធហត្ថខណ្ឌមានជ័យ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ជនសង្ស័យដែលត្រូវបានគេអះអាងថាជាអាវុធហត្ថ ឈ្មោះ រ៉ូ ថារ៉ា អាយុ៣០ឆ្នាំ មុខរបរពិតប្រាកដ ជាអ្នកបើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៥៧ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួមមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវបន្ត។
រហូតដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ រីឯបក្ខពួកផ្សេងទៀតសមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួនបន្ត៕