(ព្រៃវែង)៖ លោក នេត នឿន មេឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានថ្លែងថា នៅពេលខាងមុខនេះ លោកនឹងធ្វើឯកសារស្នើទៅអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងពាក់ព័ន្ធចុះវាស់វែងដីព្រៃបឹងក្រចាប់ ស្ថិតនៅក្នុងភូមិត្រគៀត ឃុំរកានេះ តាមសំណើរបស់ប្រជាពលរដ្ឋចំនួន ២៤១គ្រួសារទុកជាសម្បត្តិរដ្ឋ។
ការថ្លែងបញ្ជាក់បែបនេះ បន្ទាប់មានការចុះផ្សាយនៅលើសារព័ត៌មានអនឡាញមួយចំនួន ដែលពលរដ្ឋបានចោទប្រកាន់រូបលោកថា បានឃុបឃិតជាមួយឈ្មួញលក់ដីព្រៃបឹងក្រចាប់។
លោកមេឃុំរកា បានអះអាង និងច្រានចោលទាំងស្រុង ចំពោះរឿងរ៉ាវដែលចោទប្រកាន់មកលោកពាក់ព័ន្ធនឹងការឃុបឃិតគ្នាជាមួយឈ្មួញលក់ដីព្រៃបឹងក្រចាប់នេះ គឺពុំពិតដូចការចោទប្រកាន់នោះឡើយ។ ព្រោះរឿងរ៉ាវដីបឹង ក្រចាប់នេះ លោកគ្មានសិទ្ធិចុះហត្ថលេខាលក់ដី ដែលជាសម្បត្តិរដ្ឋនោះទ្បើយ ហើយការចោទប្រកាន់នេះលោកមិនអាចទទួលយកបាននោះទេព្រោះលោកជាមេឃុំថ្មី ដឹងតែទទួលឯកសារពីមេឃុំចាស់តែប៉ុណ្ណោះ។
លោកមេឃុំបានបន្តទៀតថា ចំពោះរឿងរ៉ាវទាំងអស់នេះ លោក និងអភិបាលស្រុកពារាំង ដោយមានការបញ្ជាពីថ្នាក់ដឹកនាំខេត្ត ក៏បានធ្វើការប្រជុំដោះស្រាយវិវាទបញ្ហាដីបឹងក្រចាប់នេះដោយ មានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធទាំងអស់។
លោកលើកឡើងថា ចំពោះកិច្ចប្រជុំនោះក៏បានសម្រេចឱ្យដាក់ទីកន្លែងដីបឹងក្រចាប់នេះទៅ ជាសម្បត្តិរដ្ឋតែម្ដងដោយមិនឲ្យមានការគ្រប់គ្រងពីសហគមន៍អីទៀតនោះទេរាល់ការទិញលក់អ្វីនៅទីនោះក៏ត្រូវបានលុបចោលទាំងអស់។
លោកមេឃុំរកា បានបន្ថែមថា ចំពោះផ្ទៃដីបឹងក្រចាប់នេះលោកមិនទាន់ច្បាស់ថាមានប៉ុន្មានហិកតានោះទេ ប៉ុន្តែរង់ចាំក្រសួងដែលពាក់ព័ន្ធចុះមកវាស់វែងជាក់ស្ដែងទើបដឹងចំនួនពិតប្រាកដ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួននៅឃុំរកា បានធ្វើការតវ៉ានឹងចោទប្រកាន់ទៅលោកមេឃុំរកា ស្រុកពារាំងថា បានលក់ដីបឹងក្រចាប់នេះទៅឱ្យឈ្មួញដី ហើយបានស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយផងដែរ៕