(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើ និងជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងអស់ ឲ្យខិតខំប្រឹងប្រែង បន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានកាន់តែខ្លាំងឡើងថែមទៀត ពាក់ព័ន្ធផែនការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ និងយន្តការដែលទើបបង្កើតថ្មី សំដៅឆ្លើយតបតម្រូវការពលរដ្ឋ រក្សាឲ្យបាននូវ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ការស្នើនិងជំរុញនេះ ធ្វើឡើងខណៈលោក ជាវ តាយ ដឹកនាំក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្ត ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន ប្រចាំខែសីហា ឆ្នាំ២០២១ តាមរយៈ អនឡាញ Zoom ដោយតភ្ជាប់ពីមន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលក្រុងស្រុកទាំង៩ ដែលកិច្ចប្រជុំនេះធ្វើឡើង នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។
លោក ជាវ តាយ បានបន្តថា តាមលទ្ធផលការងារ ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមកនេះ គឺផ្អែកតាមផែនការរដ្ឋបាលខេត្តច្បាស់លាស់ ពិសេសការអនុវត្ត តាមគោលការណ៍ណែនាំ របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែបានដាក់ចេញនូវគោលការណ៍សំខាន់ៗ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីអភិវឌ្ឍននិងបម្រើ សំដៅឆ្លើយតបដោះស្រាយតម្រូវការ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា និងមានលក្ខណៈកាន់តែល្អប្រសើរឡើងថែមទៀត។
ទន្ទឹមនេះ លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ រយៈពេលកន្លងមក។ ពិសេសការងារសហការ បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្តកំពត រហូតមកដល់ពេលនេះមានលក្ខណៈធូរស្រាលឡើងវិញល្អប្រសើរ៕