(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់ដៃប្រជាជន ដែលមានជីវភាពខ្វះខាត ចំនួន២៥គ្រួសារ រស់នៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
នាឱកាសអញ្ជើញផ្តល់អំណោយនេះ លោក ធឹម សំអាន បានថ្លែងកោតសរសើរ ទៅដល់មន្ត្រី មេភូមិ និងចៅសង្កាត់ ព្រមទាំងអស់លោក លោកស្រី ជាអភិបាលរងខណ្ឌ ដែលជានិច្ចកាលតែងតែចុះស្រាវជ្រាវ ពិនិត្យមើលពីស្ថានភាព ជាក់ស្តែង នៃជីវភាពរស់នៅរបស់បងប្អូនប្រជាជនទូទៅ ជាពិសេសប្រជាជនដែលមានជីវភាពទីទ័លក្រពិតប្រាកដ ដោយបានរៀបចំជាអំណោយចែកជូនដើម្បីសម្រាលនូវការលំបាកខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាជន ក្នុងដំណាក់កាលកូវីដ១៩នេះ។
លោកអភិបាលខណ្ឌបឹងកេងកង បានសង្កត់ធ្ងន់ទៀតថា ដោយមានការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែមានការគិតគូរពីសុខទុក្ខបងប្អូនប្រជាជនរស់នៅគ្រប់ទិសទី ជាពិសេសប្រជាជនដែលជួបការលំបាកផ្នែកជីវភាព និងប្រជាជនដែលងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹកទៅដល់អាជ្ញាធរ មូលដ្ឋានគ្រប់ទីកន្លែង ត្រូវចុះដល់លំនៅឋាន ត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ ពួកត្រូវការអាជ្ញាធរជួយ និងគិតគូរដោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះលោក ធឹម សំអាន ក៏បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋ បន្តខិតខំរកទទួលទានដោយប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារយើងមានជីវភាពកាន់តែល្អប្រសើរផងដែរ។
ក្នុងនាមអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង លោកតែងតែមានការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខបងប្អូនជានិច្ច ដោយមិនទុកអោយបងប្អូនរស់នៅក្នុងភាពឯកោឡើយ តួយ៉ាងដូចជានៅថ្ងៃនេះអ៊ីចឹង ដោយបាននាំយកអំណោយមកផ្ដល់ជូនដល់ដៃបងប្អូន ដែលមានជីវភាពខ្វះខាត ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងបានអំពាវនាវដល់ប្រជាជន ឱ្យបន្តចូលរួមអនុវត្តន៍នូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីសុវត្ថិភាពគ្រួសារ និងសហគមន៍យើង។
លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយផ្ដល់ជូនប្រជាជនក្រីក្រ នាពេលនេះដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ១បាវស្មើ២៥គីឡូក្រាម មី ម៉ាស់ ទឹកត្រី ទឹកសុីអុីវ ជែល៥ដបផងដែរ៕