(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្មីៗនេះ បានចូលរួមអនុម័តលើកិច្ចព្រមព្រៀមស្ដីពីការបង្កើតអង្គការអន្តរជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈទេសចរណ៍ប្រកបដោយនិរន្តរភាព (International ST-EP Organization) ជាមួយនឹងប្រទេសប្រមាណ៥៣ផ្សេងទៀត នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
កិច្ចព្រមព្រៀមបង្កើតអង្គការនេះ បានប្រព្រឹត្តទៅកាលចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីប្រទេស នៅតាមបណ្ដាទ្វីបផ្សេងៗសរុប៣៧ ក្នុងចំណោមបណ្ដាប្រទេសដែលបានឯកភាពព្រមព្រៀង ចំនួន ៥៣។
សេចក្តីប្រកាសព័ត៌មាន ដែលផ្តល់ដោយក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅរហូតដល់ថ្ងៃអង្គារនេះ IST-EPO នឹងក្លាយទៅជាអង្គការអន្តររដ្ឋាភិបាលឯករាជ្យមួយ ដែលមានសម្ព័ន្ធភាពជាមួយអង្គាករសហប្រជាជាតិ (UN) និងជាដៃគូយុទ្ធសស្ត្រជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) ក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍។
ប្រភពដដែលនេះ បានបញ្ជាក់ថា អង្គការនេះត្រូវបានរៀបចំឡើងដោយមានសភាមួយ ក្រុមប្រឹក្សាមួយ និងលេខាធិការដ្ឋានមួយជាសេនាធិការរបស់ខ្លួន ដោយមានស្នាក់ការរបស់ខ្លួននៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងជាអង្គការស្វ័យភាពមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងពង្រឹងវិស័យទេសចរណ៍ អប់រំ អភិវឌ្ឍ និងវិទ្យាសាស្ត្រ ហើយការិយាល័យសាខា ឬស្ថាប័នជាសេនាធិការ អាចត្រូវបានបង្កើតច្រើនផ្សេងៗទៀត តាមការសម្រេចរបស់សភាអង្គការអន្តរជាតិនេះ ដែលនឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍគម្រោង និងចំណេះដឹងសាកលសំដៅជម្រុញវិស័យទេសចរណ៍ជាចលករ ជម្រុញវិស័យទេសចរណ៍ និងជម្រុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងនិរន្តរភាពផ្នែកបរិស្ថាន។
សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា កម្ពុជាក៏ដូចជាប្រទេសដែលជាសមាជិក និងដៃគូយុទ្ធសាស្ត្ររបស់អង្គការអន្តរជាតិនេះ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដូជា លើកកម្ពស់ការសិក្សាស្រាបជ្រាវ និងគម្រោងអភិវឌ្ឍផ្សេងៗ សំដៅលប់បំបាត់ភាពក្រីក្រ និងវិសមភាពតាមរយៈការគាំទ្រលើគម្រោង និងកម្មវិធីអភិវឌ្ឍទេសចរណ៍ប្រកបដោយ និរន្តរភាព ដែលគ្របដណ្ដប់ សមធម៌សង្គម និរន្តរភាពបរិស្ថាន និងអភិបាលកិច្ចល្អ។ ជាពិសេសជួយពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន ព្រមទាំងចូលរួមការពារ និងអភិរក្សមរតកវប្បធ៌ម ធម្មជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការជម្រុញ កិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ មូលនិធិ ក្រុមហ៊ុនឯកជន សមាគម។
ក្រសួងថា មិនតែប៉ណ្ណោះ អង្គការអន្តរជាតិនេះ នឹងផ្ដល់ការបណ្ដុះបណ្ដាល គាំទ្រផ្នែកប្រតិបត្តការ ជំនួយបច្ចេកទេស កម្មវិធីអភិវឌ្ឍទេសចរណ៍ រួមមានការកំណត់ឱកាសវិនិយោគក្នុងវិស័យទេសចរណ៍ និងការជួយរៀបចំគម្រោងផ្សេងៗ ដែលនឹងផ្ដល់ផលប្រយោជន៍ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន៕