(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីសហជីព នឹងត្រូវរដ្ឋសភា លើកយកទៅពិភាក្សា និងអនុម័ត ក្នុងកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ជាមួយនឹងរបៀបវារៈ ការបោះឆ្នោតគាំទ្រលើសមាសភាព សម្រាប់ការរុះរើគណៈរដ្ឋមន្រ្តី។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា។
សេចក្តីព្រាងច្បាប់ស្តីពីសហជីព មាន១៧ជំពូក និង ៩១មាត្រា ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦។ ការកែប្រែជាថ្មី២១ចំណុចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសហជីព និងនិយោជកបានធ្វើការតវ៉ា សម្តែងការមិនពេញចិត្តចំពោះច្បាប់នេះ។
ទោះជាយ៉ាងនេះក្តី បណ្តាក្រុមសហជីពមួយចំនួន ពេលនេះកំពុងធ្វើយុទ្ធនាការថ្មីមួយ ដើម្បីប្រឆាំងទៅនឹងការអនុម័ត លើច្បាប់សហជីពនេះ ដោយពួកគេអះអាងថា សេចក្តីព្រាងច្បាប់នេះ នៅតែបន្តដាក់សម្ពាធលើសហជីព ទោះបីជាមានការកែប្រែជាថ្មីក៏ដោយ។ យុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែមីនា មកម្ល៉េះ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ដែលបានចូលរួមបង្កើតយុទ្ធនាការនេះ បានប្រាប់ Fresh News ឱ្យដឹងថា មានសហជីពចំនួន២០ បានធ្វើយុទ្ធនាការនេះ ជាមួយនឹងក្រុមអ្នកបញ្ជាទិញ និងសមាគមអ្នកប្រើប្រាស់ ដើម្បីឱ្យរដ្ឋសភា ពន្យារពេលអនុម័តលើសេចក្តីព្រាងច្បាប់សហជីព។ លោកថា «សហជីពមួយដែលប្រឆាំង មិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់នេះទេ ដោយសារតែយល់ឃើញថាច្បាប់សហជីពនេះមិនទាន់គ្រប់គ្រាន់ និងពេញលេញ ជាការរំលោភសិទ្ធិ និងបំបិទសិទ្ធិ ដូច្នេះហើយទើបសហជីពខាងនេះ គាត់ធ្វើយុទ្ធនាការជាមួយនឹង អ្នកបញ្ជាទិញ និងសមាគមអ្នកប្រើប្រាស់»។
ទោះជាយ៉ាងនេះក្តី ប្រធានសហជីពឯករាជ្យមួយនេះ បានអះអាងថា សហជីពរបស់លោក រួមទាំងសហជីពមួយចំនួនទៀត នឹងមិនចូលរួមបាតុកម្មប្រឆាំងនោះទេ ទោះបីជាសហជីពមួយចំនួនចង់ឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការអនុម័ត សេចក្តីព្រាងច្បាប់សហជីពនេះក៏ដោយ។
លោក ហ្វា សាលី បាននិយាយថា សហជីពបានចាប់យកយុទ្ធសាស្រ្តអហិង្សា ហើយក្រុមសហជីពរបស់លោក បានដាក់ញត្តិជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរដើម្បីស្នើឱ្យជួយអន្តរាគមន៍ ពន្យារពេលអនុម័តលើសេចក្តីព្រាងច្បាប់នេះ៕