(កំពង់ចាម)៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា យុវជនត្រូវរៀនសូត្រពីមនុស្សចាស់ ដើម្បីក្លាយជាអ្នកដឹកនាំសង្គមជាតិបានល្អ និងរីកចម្រើន ដូចពាក្យចាស់ថា «ចាស់ស្គាល់ផ្លូវ ក្មេងដើរលឿន»។
ការថ្លែងបែបនេះ របស់លោក ហាន កុសល បានធ្វើឡើងនៅក្នុងវេទិកាពិគ្រោះយោបល់យុវជនជាមួយអ្នកផ្តល់សេវាតាមអនឡាញ ក្រោមប្រធានបទ «យុវជននិងសេវាសាធារណៈ» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ដែលរៀបចំដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (ហៅកាត់ថា អង្គការ AFD)ក្រោមជំនួយគំាទ្រពី USAID តាមរយៈអង្គការ Pact Cambodia។ ក្នុងវេទិកានេះមានការចូលរួមពីវាគ្មិនតាមបណ្តាអង្គភាពមន្ទីរនានាក្នុងខេត្ត តំណាងប្រជាពលរដ្ឋ យុវជន សហគ្រិន ចៅសង្កាត់ អង្គការដៃគូរ ប្រមាណ៨០នាក់។
លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ បានលើកឡើងថា បច្ចុប្ន្នអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍បាននឹងកំពុងអនុវត្តន៍គម្រោងយុវជនក្នុងភាពជាអ្នកដឹកនាំដើម្បីបង្កើនអភិបាលកិច្ច និងសហគ្រិនភាពហៅកាត់ថា WE Act ក្រោមជំនួយថវិកាពី USAID តាមរយៈអង្គការផេកកម្ពុជា ដែលគម្រោងនេះ ធ្វើជាមួយយុវជនចំនួន១០០នាក់ ដែលនិស្សិត ប្រជាលពលរដ្ឋធម្មតា និងសហគ្រិនវ័យក្មេងក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកបានបន្ថែមថា គម្រោងមានគោលដៅរួមបង្កើនសមត្ថភាពយុវជន ដើម្បីចូលរួមក្នុងការលើកកម្ពស់អភិបាលកិច្ច និងសហគ្រិនភាព។ កន្លងមកគម្រោងបានធ្វើការពង្រឹងសមត្ថភាព និងគំាទ្រយុវជនក្នុងការចុះសិក្សាពីផលប៉ះពាល់នៃជំងឺកូវីដ១៩ និងសិក្សាពីបញ្ហាតម្រូវការនៃសាវាសាធារណៈរបស់សង្កាត់នីមួយៗព្រមទាំងបានសិក្សាស្វែងយល់ពីសេវារបស់ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋផងដែរ ក្រុងកំពង់ចាមផងដែរ។
លោក ហាន កុសល បានបញ្ជាក់ថា ការរៀបចំវេទិកានេះបង្កើតឱកាសឱ្យយុវជនចូលរួមលើកឡើងពីតម្រូវការ និងបញ្ហារបស់យុវជន និងប្រជាពលរដ្ឋដើម្បីស្វែងរកការឆ្លើយតប និងដំណោះស្រាយពីអ្នកពាក់ព័ន្ធប្រកបដោយគណនេយ្យភាព។ ក្រោមការដឹកនាំរាជរដ្ឋាភិបាលជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរលើវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស។
អភិបាលរងខេត្តរូបនេះ ក៏បានផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រស្ដាប់លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយអាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ ស្ដាប់លោកគ្រូអ្នកគ្រូហើយត្រូវយកបទពិសោធន៍របស់រៀមច្បងមកធ្វើជាមូលដ្ឋានគ្រឹះហើយមិនត្រូវប្រើប្រាស់ឧបករណ៍ប្រព័ន្ធអេឡិចត្រូនិច ដោយខុសពេលវេលានោះទេត្រូវប្រើប្រាស់អ្វីៗឱ្យមានប្រយោជន៍ ដើម្បីយើងក្លាយជាធនធានមនុស្សមួយសម្រាប់ជួយកសាងប្រទេសជាតិ។
បន្ថែមពពីនេះលោកបានគូសបញ្ជាក់ថា ការសិក្សាត្រូវមានការតស៊ូអ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជារៀងរហូតជាពិសេសនោះត្រូវបង្កើតនូវការសិក្សារៀនភាសាបរទេសបានច្រើនដោយសិក្សាពេញមួយជីវិត ត្រូវចេះជួយខ្លួនឯងមុនឱ្យអ្នកដទៃជួយហើយនៅទីណាក៏អាចយើងក៏អាចរៀនបានដែរ និងត្រូវមានការទំនាក់ទំនងរាល់មជ្ឈដ្ឋានខាងជុំវិញខ្លួន ដោយសេពគប់តែមិត្តល្អ ការអប់រំគឺឱ្យមានការផ្លាស់ប្ដូរ ដោយមានការពង្រឹងសមត្ថភាព ដើម្បីឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សីល្អ ជួយដល់ប្រទេសជាតិ៕