(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងថា ការចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា របស់ក្រុមប្រឆាំងក្រៅច្បាប់ គឺមិនអាចទៅរួចទេ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់បែបនេះ បន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក កាលពីពេលថ្មីៗនេះ បានបំភ្លៃព័ត៌មានថា ពួកគេបានជួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ខណៈដែលសម្តេចទៅពិនិត្យសុខភាព នៅប្រទេសបារាំង។
តាមរយៈវីដេអូមួយ ដែលបង្ហោះនៅលើហ្វេសបុក លោក ស សុខា កូនប្រុសរបស់សម្តេចស ខេង, លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចង់បំបែកបំបាក់ផ្ទៃក្នុងរបស់ CPP ទៅមិនរួចនោះទេ ដូចខ្ញុំបានបញ្ជាក់ គឺមិនមែនលើកទី១ទេ គេធ្វើកន្លងមកគេធ្វើជាប្រចាំ គេបានធ្វើរួចទៅហើយ ប៉ុន្តែចុងក្រោយមិនអាចធ្វើរួចនោះទេ»។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសគាំទ្រ ចំពោះការចេញមុខបដិសេធ និងបញ្ជាក់ការពិតរបស់ លោក ស សុខា ក្នុងនាមជាកូន និងគ្រួសារ ទៅកាន់មហាជន។
ជាមួយគ្នានេះ តំណាងរាស្រ្តវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញការងឿងឆ្ងល់ចំពោះស្ថាប័នបរទេស ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួន ដែលមិនបានចេញនូវសេចក្តីថ្លែងការណ៍អ្វីទាំងអស់ ចំពោះការប្រឌិតព័ត៌មានរបស់ក្រុមក្រៅច្បាប់នេះ ដែលហាក់ដូចជាផ្តល់បរិកាសឱ្យជនទាំងនោះ អាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ ហើយហាក់បីដូចជាផ្តល់ជាបរិកាសឱ្យពួកនេះ ទទួលអភ័យឯកសិទ្ធិដើម្បីធ្វើកិច្ចការងារដោយមិនគោរពទៅតាមអ្វីដែលជាច្បាប់មានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា តើមានហេតុផលអ្វី តើជាចេតនាដែរឬទេ?
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដើម្បីពិនិត្យសុខភាព។ បន្ទាប់ពីទទួលដំណឹងនេះ លោក សម រង្ស៉ី ដែលកំពុងមានវត្តមាននៅអាមេរិក និងបក្ខពួករបស់ខ្លួន បានបំភ្លៃថា សម្តេចក្រឡាហោម ស ខេង បានជួបជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។
លោក ស សុខា និងនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមុខច្រានចោលភ្លាមៗចំពោះព័ត៌មាននេះ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់ខ្លួន ជនដែលបំភ្លៃ និងចែកចាយបន្តដោយគោលដៅទុចរិតផងដែរ។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាកូនប្រុសសម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ល្បែងប្រជាភិថុតិរបស់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលភ្ជាប់សម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន និងឃោសនាកុហកបោកប្រាស់បំភាន់មហាជន គួរត្រូវបានបញ្ចប់៕