(ភ្នំពេញ)៖ មន្រ្តីគយចល័តដែលដឹកនាំការបង្រ្កាបរថយន្តអត់ពន្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃពុធនេះថា ត្រឹមតែរយៈពេល២ថ្ងៃ ប៉ុណ្ណោះ ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០១៦ កម្លាំងគយចល័ត របស់លោក ចាប់បានឡានសេរីទំនើបៗ រហូតទៅដល់៥គ្រឿង សុទ្ធតែសុទ្ធសឹង រថយន្តអត់ពន្ធប្រើស្លាកលេខក្លែងក្លាយ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា នៅទូទាំងរាជធានីភ្នំពេញ។

មន្រ្តីគយចល័តរូបនោះ បានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗដែលចាប់បាន រួមមាន ម៉ាក Alphad, Land Cruiser, Camry, Lexus, Audi ជាដើម។ យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបរយៈពេល២ថ្ងៃនេះ នៅតែមានចំនួនដ៏ច្រើនដដែល។

មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ចំណូល នៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។

ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើ សកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕