Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីសាធារណការម្នាក់នៅខេត្តស្វាយរៀង ត្រូវដាក់ឱ្យចូលនិវត្តន៍មុនអាយុកំណត់ ខណៈមន្ត្រី៥នាក់ទៀតត្រូវទម្លាក់ឋានៈ និងប្តូរកន្លែងធ្វើការ ក្រោយបង្កកំហុសចេញប័ណ្ណបើកបរឲ្យគេ ដោយមិនចាំបាច់ប្រឡង

01-09-2021 17:54

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់មន្ត្រីមួយរូបឱ្យចូលនិវត្តន៍មុនអាយុ ខណៈមន្ត្រី៥រូបទៀត ត្រូវបានផ្លាស់ប្តូរកន្លែងធ្វើការ ព្រមទាំងទម្លាក់មួយឋានៈដោយសារ ពួកគេកសាងកំហុសចេញប័ណ្ណបើកបរឱ្យពលរដ្ឋ ដោយមិនមានសាម៉ីខ្លួនមកប្រឡង។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងអភិបាលខេត្តស្វាយរៀង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងបានសេចក្តីខាងលើ, លោក ព្រំ ផូ មានតួនាទីជាប្រធានការិយាល័យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រឡងយកប័ណ្ណបើកបរ ត្រូវបានដាក់ឱ្យចូលនិវត្តន៍មុនអាយុកំណត់ដោយប្រាក់បៀរវត្ស និងប្រាក់បំណាច់ផ្សេងៗទៀត របស់សាម៉ីខ្លួន ត្រូវផ្តាច់ចេញពីតារាងទូទាត់បៀរវត្សចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ជាមួយការដាក់ទោសទណ្ឌទៅលើមន្រ្តីរបស់ខ្លួន ក្រោយប្រព្រឹត្តខុសពីតួនាទីនេះ លោក គង់ វិមាន ជានាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួង បានបញ្ជាក់បន្ថែមថា ករណីនេះរដ្ឋបាលថ្នាក់ក្រោមជាតិ បានអនុវត្តវិន័យ ដោយផ្លាស់ប្តូរដោយបង្ខំចំពោះមន្ត្រីទាំងនេះ ក្នុងនោះមានម្នាក់គឺលោក ព្រំ ផូ ឱ្យចូលនិវត្តន៍មុនអាយុ និងមន្ត្រី៥រូបទៀត បានផ្លាស់ប្តូរមុខតំណែងពីកន្លែងចាស់ទៅកន្លែងថ្មី ជាមួយនឹងការដកហូតឋានៈមួយថ្នាក់។

លោកបានបន្ថែមថា «ជាជំហរបស់ក្រសួង ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅតែបន្តអនុវត្តន៍រហូត បើសិនជានៅតាមបណ្តាខេត្ត ហ៊ានប្រព្រឹត្តដូចករណីនៅខេត្តស្វាយរៀងនេះ នឹងអាចឈានដល់ការដាក់ទោសធ្ងន់ធ្ងរ ជាងនេះទៀតផងដែរ»

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីសាធារណការ និងអភិបាលខេត្តស្វាយរៀង៖