(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃនេះ បានផ្ញើលិខិតអបអរសាទរជូនលោកស្រី អោង សានស៊ូជី ដែលត្រូវបានជ្រើសតាំងជា រដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា។
ក្នុងលិខិតផ្ញើជូនលោកស្រី អោង សានស៊ូជី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនលោកជំទាវ ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា»។
លោក ហោ ណាំហុង បានបង្ហាញក្តីរំពឹងថា ក្នុងការកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា លោកស្រី អោង សានស៊ូជី នឹងធ្វើឲ្យទំនាក់ទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ា នៅតែល្អប្រសើរ។
លោក ហោ ណាំហុង បានបញ្ជាក់ដូច្នេះ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព ដ៏ជិតស្និទ្ធជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើននៅឆ្នាំខាងមុខទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជាតិ និងប្រជាជនយើងទាំងពីរ ក៏ដូចជាការកសាងសហគមន៍អាស៊ាន ដ៏រឹងមាំ និងសមស្រប»៕