(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមមួយចំនួនមានការបង្ហោះបង្ហាញថា មានករណីតង់ស្យុងចរន្តអគ្គិសនី ធ្លាក់ក្រោមស្តង់ដារ២២០វ៉ុល និងខ្សែតំបន់ចុងបណ្តាញ បានធ្វើឲ្យកុងទ័រដើរលឿនជាង ពេលតង់ស្យុងដើរគ្រប់ចំនួន។
ពាក់ព័ន្ធនឹងករណីនេះត្រូវបានលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងបញ្ជាក់ និងអះអាងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែមីនានេះថា ករណីតង់ស្យុងធ្លាក់ក្រោមស្តង់ដារ២២០វ៉ុល មិនអាចជាមូលហេតុធ្វើឲ្យកុងទ័រដើរលឿននោះទេ ដោយឡែកពាក់ព័ន្ធនឹងការធ្លាក់តុងស្យុង នៅខ្សែចុងបណ្តាញនោះ គឺអគ្គិសនីកម្ពុជាតែងតែជំរាបជូនជានិច្ចអំពីការតខ្សែចុងបណ្តាញ ហើយក៏មានកិច្ចសន្យាផងដែរ ពាក់ព័ន្ធនឹងករណីតខ្សែចុងបណ្តាញ (មានកិច្ចសន្យាប្រើប្រាស់ចរន្តអគ្គិសនីនៅខាងក្រោម)។
លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារបញ្ហាប្រឈមផ្នែកថវិកា ការអភិវឌ្ឍន៍បណ្តាញអគ្គិសនីតែងតែត្រូវធ្វើឡើងជាដំណាក់កាលៗ ដោយកត្តានេះហើយបានជាតែងតែ មានតំបន់ខ្សែចុងបណ្តាញ ហើយនឹងមានការតភ្ជាប់បន្ថែមតទៅទៀត ដែលពេលខ្លះស្តង់ដារបច្ចេកទេសពុំត្រូវបាន អ្នកប្រើប្រាស់គោរពតាមកិច្ចសន្យាជាមួយ EDC »។
ទោះបីយ៉ាងនេះក្តី អ្នកប្រើប្រាស់នៅតំបន់ចុងបណ្តាញតែងទទួចឲ្យអគ្គិសនីកម្ពុជា ជួយភ្ជាប់ជាបណ្តោះអាសន្នសិន ដោយពួកគាត់មិនចង់ទិញអគ្គិសនី ពីអ្នកផ្សេងដែលមានថ្លៃខ្ពស់។ ស្ថិតក្នុងរយៈពេលអន្តរកាល មុនបណ្តាញមេតាមស្តង់ដាទៅដល់ ការធ្លាក់តង់ស្យុង ស្ថិតនៅម៉ោងប្រើប្រាស់ច្រើនដូចជា ពេលយប់ជាពិសេសនៅរដូវប្រាំង។ ក្នុងករណីនេះអគ្គិសនីកម្ពុជាសូមស្នើសុំបន្តការយោគយល់ ។
លោក កែវ រតនៈ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទាំងអស់ ប្រសិនបើមានបញ្ហាគុណភាពអគ្គិសនី សូមទំនាក់ទំនងមកអគ្គិសនីកម្ពុជា តាមរយៈខ្សែទូរស័ព្ទ និង Facebook ២៤ម៉ោងផ្លូវការ ជាជាងការបង្ហោះលេងសើចកំសាន្ត ហើយដែលភាគច្រើនខុសការពិត និងមិនមានមូលដ្ឋានបច្ចេកទេសត្រឹមត្រូវ៕