(ព្រៃវែង)៖ ប្រជាពលរដ្ឋរស់នៅភូមិទួលពពេល ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បាននាំគ្នាចាប់យកអាជីពចិញ្ចឹមចង្រិតដែក។ សព្វថ្ងៃនេះគាត់ថា មានទីផ្សារច្រើន ហើយមានតម្លៃថ្លៃគួរសមអាចទទួលយកបាន ដែលរយៈពេលនៃការចិញ្ចឹមក៏ខ្លីដែរ ឆាប់បានលក់ទៀតផង ដោយប្រើរយៈពេល៤០ថ្ងៃប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានបន្តថា ការចិញ្ចឹមចង្រិតនេះ គឺសម្បូរទីផ្សារ ដោយមានអ្នកមកទិញចង្រិតរបស់គាត់ដល់ផ្ទះតែម្តងការចិញ្ចឹមចង្រឹតនេះដែរ គឺមិនទាន់នឹងតម្រូវការអ្នកទិញនោះទេដោយការចិញ្ចឹមនៅមានកម្រិតនៅឡើយ។ ដូច្នេះ ប្រជាពលរដ្ឋនឹងបន្តពង្រីកអាងចិញ្ចឹមឲ្យបានច្រើនថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារចង្រិតឱ្យបានត្រូវនឹងតម្រូវការអ្នកទិញ។
ប្រជាពលរដ្ឋបានបន្ថែមថា សព្វថ្ងៃមានប្រជាពលរដ្ឋនៅឃុំគោកគង់លិច អ្នកខ្លះចិញ្ចឹមចង្រឹត១០អាង អ្នកខ្លះទៀតចិញ្ចឹម ២០អាង ហើយក៏មានច្រើនជាងនេះក៏មានដែរ ចង្រិតមួយគីឡូគឺលក់ក្នុងតម្លៃ ១១,០០០រៀល ហើយការចិញ្ចឹមចង្រិតនេះងាយស្រួលជាងចិញ្ចឹមមាន់ទាជ្រូកដោយប្រើរយៈពេលខ្លី គឺអាចទទួលបានផលចំពោះការចំណាយទៅលើចំណីក៏តិចដែរ ដោយចង្រិតស៊ីស្លឹកឈើ និងចំណីកូនមាន់បន្តិចបន្តួចតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានលើកឡើងថា មុខរបរនេះ គឺជាការងារមួយដែលផ្ដល់ឲ្យពលរដ្ឋនៅឃុំគោកគង់លិច មានការងារធ្វើដោយ ខ្លួនឯងហើយផ្ដល់ប្រាក់ចំណូលប្រចាំថ្ងៃបានប្រសើរជាងទៅធ្វើការងារចំណាកស្រុកឆ្ងាយ ពីផ្ទះហើយជាងនេះទៅទៀត ការងារនេះប្រសើរជាងការងារផ្សេងទៀតដែលធ្វើការហាលថ្ងៃ ហាលភ្លៀង ប្រឈមគ្រោះថ្នាក់ច្រើនផងដែរ៕