(ភ្នំពេញ)៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងជួបពិភាក្សាតទល់គ្នា ជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា។ ជំនួបនេះ ធ្វើឡើង នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៦នេះ នៅការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook បានឲ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរពិភាក្សាគ្នាអំពី ស្ថានភាពសិទ្ធិមនុស្ស ដំណើរការលទ្ធិប្រជាធិបតេយ្យ និងស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន ជាពិសេសនៅមុនពេលបោះឆ្នោត។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ចាប់ផ្តើមបំពេញទស្សនកិច្ច​ នៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ក្នុងនោះ លោកស្រីមានបានជួបប្រជុំជាមួយ សមាជិកជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងសមាជិករដ្ឋសភា។

លោកស្រីក៏បានជួបផងដែរ ជាមួយតំណាងសង្គមស៊ីវិល ក្រុម អ.ស.ប ប្រចាំប្រទេសកម្ពុជា និងសហគមន៍ថែមទៀត។ ក្រៅពីនោះ លោកស្រី បានធ្វើទស្សនកិច្ច នៅតាមបណ្តាខេត្ត របស់កម្ពុជាមួយចំនួនទៀត ដើម្បីប្រមូលព័ត៌មានជាក់ស្ដែងដោយផ្ទាល់។

លោកស្រី រ៉ូណា ស្មីត ទទួលបានការតែងតាំងជា អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកបញ្ហានៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាផ្លូវការលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥ផងដែរ៕