(បន្ទាយមានជ័យ)៖ ជំនន់ទឹកភ្លៀង នៅថ្ងៃទី០១ ខែកញ្ញានេះ បានចាប់ផ្ដើមជន់លិចផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តំបន់ដែលរងការជន់លិចនេះ ស្ថិតនៅក្នុងឃុំបឹងបេង និងឃុំម៉ាឡៃ។
បន្ទាប់ពីទទួលបានព័ត៌មាននៃការជន់លិចនេះ កងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបំពេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះភ្លាមៗផងដែរ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំង សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ជួយជញ្ជូនសម្ភារនៅផ្ទាល់ដីដែលរងផលប៉ះពាល់ របស់ប្រជាពលរដ្ឋ ដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានេះ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងតំបន់ដែលកំពុងជន់លិច សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
លោកឧត្តមសេនីយ៍ត្រី ក៏បានក្រើនរំលឹកដល់កងអន្តរាគមន៍ទាំងអស់ ឲ្យត្រៀមខ្លួនក្នុងប្រតិបត្តិការអន្តរាគមន៍ ហើយត្រូវប្រកាន់ខ្ជាប់នូវស្មារតី ជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងករណីជន់លិច។ កិច្ចអន្តរាគមន៍នេះ ក៏ត្រូវផ្សារភ្ជាប់ជាមួយគោលការណ៍ទាំងឡាយរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នឹងមេរោគកូវីដ១៩ផងដែរ៕