(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ដ្រាលី នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យមានការប្រុងប្រយ័ត្ន រាល់ព័ត៌មានជ្រើសរើសពលករ ឲ្យមកធ្វើការនៅប្រទេសអូស្ដ្រាលី ក្រោមគម្រោងទិដ្ឋាការ «កសិកម្ម» ថ្មី ខណៈគម្រោងនេះ បច្ចុប្បន្នរដ្ឋាភិបាលអូស្ត្រាលី (ក្រសួងការបរទេសមហាផ្ទៃ និងក្រសួងកសិកម្មអូស្ត្រាលី) កំពុងពិភាក្សានៅឡើយទេ។
សេចក្ដីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ដ្រាលី បានឲ្យដឹងថា ថ្មីៗនេះ មានសារព័ត៌មាន បណ្តាញសង្គម ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួន បានដើរបំផុសបំផុលផ្តល់ព័ត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិត ក្នុងចេតនា បោកប្រាស់ជ្រើសរើសពលករខ្មែរ មកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ «កសិកម្ម» ថ្មី (Australian Agriculture Visa) របស់ប្រទេសអូស្ត្រាលី។
ករណីនេះ ដើម្បីជៀសវាងការចាញ់បោកជនខិលខូចឆ្លៀតឱកាស ស្ថានទូតសូមបំភ្លឺជូនថា បច្ចុប្បន្នរដ្ឋាភិបាលអូស្ត្រាលី (ក្រសួងការបរទេសមហាផ្ទៃ និងក្រសួងកសិកម្មអូស្ត្រាលី) កំពុងពិភាក្សានៅឡើយ លើការរៀបចំគម្រោងទិដ្ឋាការ «កសិកម្មថ្មី» ជាមួយនឹងការកំណត់លក្ខខ័ណ្ឌផ្សេងៗ ក្នុងការទទួលបានទិដ្ឋាការនេះ។
គម្រោងទិដ្ឋាការកសិកម្មថ្មីនេះ នឹងផ្ដល់ឱកាសដល់ពលរដ្ឋប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាចមកធ្វើការ នៅប្រទេសអូស្ត្រាលី លើវិស័យកម្ម រួមទាំងឧស្សាកម្ម កែច្នៃសាច់ផងដែរ (Agriculture sector including meat processing) ជាមួយនឹងការផ្តល់ឱកាសអាចស្នើសុំសិទ្ធរស់នៅអចិន្ត្រៃយ៍ ក្នុងករណីពលករនោះ បំពេញបានតាមលក្ខខ័ណ្ឌ និងមានតម្រូវការជាក់ស្តែងពីរដ្ឋាភិបាលអូស្ត្រាលី។
តាមគម្រោងទិដ្ឋាការថ្មីនេះ នឹងពិភាក្សាចប់សព្វគ្រប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលី នឹងធ្វើការពិភាក្សាចរចារទ្វេរភាគីជាមួយប្រទេសដៃគូរមួយចំនួន នៅក្នុងតំបន់លើគម្រោងទិដ្ឋាការថ្មី។
ស្ថានទូតសូមជម្រាបជូនបងប្អូនផងដែរថា ក្រោមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែង រកទីផ្សារការងារជូនពលករខ្មែរ កន្លងមកស្ថានទូត បានខិតខំស្វះស្វែងរកទីផ្សារការងារ ជូនបងប្អូនខ្មែរទាំងនៅប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសនូវែលហ្សេឡង់ តាមរយៈការជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលប្រទេសនិមួយៗជាបន្តបន្ទាប់។
ចំពោះគម្រោងទិដ្ឋាការកសិកម្មថ្មីនេះ ក្រោមការណែនាំពីថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសហការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ស្ថានទូតបានត្រៀមខ្លួនជាស្រេច ក្នុងការបន្តជួបចរចារកទីផ្សារការងារ ជូនពលរដ្ឋខ្មែរជាមួយរដ្ឋាភិបាលអូស្ត្រាលី។
ស្ថានទូតសូមបញ្ជាក់ជាថ្មីថា មកទល់ពេលនេះ គម្រោងទិដ្ឋាការកសិកម្មនេះ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ ហើយរដ្ឋាភិបាលអូស្ត្រាលី នៅពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការប្រភេទនេះជូនកម្ពុជា ឬប្រទេសណាមួយនៅឡើយទេ។ ហេតុនេះ ស្ថានទូតស្នើបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយ ព័ត៌មានពីការជ្រើសរើស និងការបញ្ជូនពលករខ្មែរ មកធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស បុគ្គលឬអង្គភាពណាមួយ។
ព័ត៌មានផ្លូវការជុំវិញវឌ្ឍនភាពគម្រោងទិដ្ឋាការកសិកម្មថ្មីនេះ បងប្អូនអាចតាមដានលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី (https:// www.embassyofcambodia.ogr.au) ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា៕