(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចុះហត្ថលេខា ទទួលប្រាក់កម្ចីជាង៨៤លានដុល្លារអាមេរិក ពីធនាគារចិន ដើម្បីពង្រីកបណ្តាញអគ្គិសនី ទៅកាន់ប្រជាពលរដ្ឋតាមទីជនបទជិត ១០ម៉ឺននាក់ នៅក្នុងខេត្តចំនួន ១៣។ ពិធីចុះហត្ថលេខានាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើឡើងរវាងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និង លោក Lu Wenjun អគ្គនាយកក្រុមហ៊ុនចិន CHMC។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចែកជូនអ្នកព័ត៌មានក្នុងពិធីចុះហត្ថលេខានាព្រឹកមិញ បានឲ្យដឹងថា កញ្ចប់ការងារ ដែលចុះកិច្ចសន្យានេះ ជាផ្នែកមួយនៃគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទក្របខណ្ឌកញ្ចប់ថវិកា សហប្រតិបត្តិការឥណទានឆ្នាំ២០១៥ -២០១៩ រវាងកម្ពុជា និងសាធារណរដ្ឋចិន។ ទឹកប្រាក់ នៃកិច្ចសន្យានេះមានចំនួនសរុប ៩៩,៩៧៩,៣៦៤ ដុល្លារ ក្នុងនោះ ៨៥ភាគរយ ស្មើនិងទឹកប្រាក់ ៨៤,៩៨២,៤៦០ដុល្លារ ជាឥណទានផ្តល់ដោយធនាគារអាហរ័ណនីហរ័ណចិន និង ១៥ភាគរយទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រភពបន្តថា ថវិកាខាងលើនេះ នឹងសាងសង់ខ្សែបញ្ជូនអគ្គិសនី គ្របដណ្តប់លើខេត្តចំនួន ១៣រួមមាន៖ មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រៃវែង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តព្រះសីហនុ។
សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងនេះ ជាផ្នែកមួយ នៃការជំរុញឲ្យមានកំណើនការតភ្ជាប់បណ្តាញបញ្ជូនជាតិ និង ប្រភពផលិត ថាមពល ទៅនឹងបណ្តាញអគ្គិសនីកម្ម ជនបទគ្រប់ខេត្តក្រុងទូទាំងប្រទេស។ ការតភ្ជាប់ផ្ទាល់នេះ អាចផ្តល់ជូននូវប្រព័ន្ធចែកចាយអគ្គិសនី មានគុណភាពល្អ និងមានតម្លៃសមរម្យជូនប្រជាជនតាមទីជនបទ ដែលជាកត្តាសំខាន់ ក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចតំបន់ជនបទ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យថាមពលសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល៕