(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៤៨នាក់បន្ថែមទៀត ជាសះស្បើយចំនួន៧១នាក់ និងស្លាប់ចំនួន២នាក់ មកពីខេត្តត្បូងឃ្មុំ១នាក់ និងស្រុកស្ទឹងត្រង់១នាក់។
ចំណែកអ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៨នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០១នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស០១នាក់, ស្រុកកោះសូទិន ០៦នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ២៨នាក់,ស្រុកព្រៃឈរ ០៤នាក់, ស្រុកស្ទឹងត្រង់ ០២នាក់ និងមកពីរាជធានីភ្នំពេញ ០១នាក់ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕