(ភ្នំពេញ)៖ សន្និសីទថ្នាក់តំបន់ស្តីអំពី «ការអភិវឌ្ឍការបណ្តុះបណ្តាលគំរូដោយវិធីឆ្លាស់ដែលអាចសម្របទៅតាមបរិបទសិក្សានៃសាកលវិទ្យាល័យទាំងឡាយនៅអាស៊ីប៉ាស៊ីហ្វិក» ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង AUF សហការណ៍ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច នៃទីក្រុងហូជីមិញ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ តាមអនឡាញ។
សិក្ខាកាមដែលជាថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យតាមបណ្តាសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងផ្នែកបណ្តុះបណ្តាល ប្រមាណ៣០០នាក់ មកពីប្រទេសជាច្រើនក្នុងតំបន់រួមមាន៖ វៀតណាម ឡាវ ថៃ ម៉ុងហ្គោលី វ៉ាណាទូ នូវែលកាលេដូនី។ល។ បានចូលរួមក្នុងវេទិការនេះ។
ថ្លែងក្នុងការបើកព្រឹត្តិការណ៍នេះ លោក SLIM Khalbous សាកលវិទ្យាធិការនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងបានបញ្ជាក់ថា អាស៊ី ស្ថិតក្នុងការផ្លាស់ប្តូរមួយដ៏ស៊ីជំរៅដែលបញ្ជាក់ច្បាស់ តាមរយៈវិស័យអប់រំ និងការបណ្តុះបណ្តាលតាមគ្រឹះស្ថានឧត្តមសិក្សានានា។ ការអប់រំជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តោតលើគុណភាពជាពិសេស។
លោកបានបន្តថាដើម្បីឈានដល់គោលដៅនេះ ការបណ្តុះបណ្តាលតាមជំនាញក្នុងប្រទេសជាច្រើនបានផ្សារភ្ជាប់នូវតួអង្គសំខាន់ៗចំនួនរួម៣មាន៖ និស្សិតដែលនឹងក្លាយជាអនាគតនិយោជិក សាកលវិទ្យាល័យបើកចំហរទៅរកវិស័យឯកជន និងក្រុមហ៊ុនដែលជាអនាគតនិយោជកនៃយុវជនទាំងឡាយដែលនឹងប្រឡូកចូលក្នុងទីផ្សារការងារ។
ស្ថិតក្នុងន័យនេះ AUF បានគៀងគរធនធាន និងចំណេះដឹងទាំងឡាយពីប្រភពនៃហ្វ្រង់កូហ្វូនី វិទ្យាសាស្ត្រដែល AUF បានកសាងជាបណ្តាញនៅលើពិភពលោក ដើម្បីគាំទ្រប្រព័ន្ធអប់រំ និងគ្រឹះស្ថានឧត្តមសិក្សាស្តីអំពីបញ្ហាចោទលើភាពទទួលបានការងារធ្វើដើម្បីផ្តល់ឱកាសដល់យុវជនដែលនឹងបញ្ចប់ការសិក្សាឱ្យបានកាន់តែប្រសើរ។
សូមបញ្ជាក់ថា សន្និសីទដែលរៀបចំឡើងមួយព្រឹកធំនេះ ផ្តោតជាសំខាន់លើការបណ្តុះបណ្តាលគំរូនៅតាមគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងតំបន់អាស៊ី និងតំបន់ផ្សេងទៀត ដោយសហការណ៍ជាមួយវិស័យឯកជនលើការបង្កើតកម្មវិធីបណ្តុះបណ្តាលឆ្លាស់គ្នារវាងការសិក្សាទ្រឹស្តីនៅតាមគ្រឹះស្ថានសិក្សា និងការប្រតិបត្តិ ឬអនុវត្តន៍ជាក់ស្តែងនៅតាមក្រុមហ៊ុន។
វាជាការបណ្តុះបណ្តាលមួយដែលសម្របតាមតម្រូវការជាក់ស្តែងនៃវិស័យឯកជន។ វាគ្មិនបានបង្ហាញអំពីការកសាងមូលដ្ឋាននៃការសិក្សា និងការបញ្ចូលកម្មវិធីនានា តាមសាកលវិទ្យាល័យ និងគំរូមួយចំនួននៃការបណ្តុះបណ្តាលដោយសហការណ៍ជាមួយវិស័យឧស្សាហកម្មនៅក្នុងវិទ្យាស្ថានពហុបច្ចេកវិទ្យានៃទីក្រុងហាណូយ។
ក្រោយពីបានធ្វើបទបង្ហាញរួមមក សិក្ខាកាមត្រូវបានបែងចែកជាក្រុមតូចៗ ដើម្បីពិភាក្សាគ្នាលើប្រធានបទ៣ផ្សេងគ្នារួមមាន៖ ថ្នាក់ដឹកនាំគោលដៅក្នុងការរៀបចំសម្របកម្មវិធីបណ្តុះបណ្តាលតាមសាកលវិទ្យាល័យស្របទៅតាមសេចក្តីត្រូវការនៃទីផ្សារការងារ, ការឆ្លាស់គ្នានិងនីតិវិធីនានា ផ្តោតលើបញ្ហាប្រឈម ការតព្វកិច្ច និងការអនុវត្តន៍, កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិក្នុងវិស័យបណ្តុះបណ្តាលឆ្លាស់ដោយមានការបង្ហាញនូវបទពិសោធន៍នៃដៃគូរឯកជនក្នុងវិស័យឧស្សាហកម្មសិប្បកម្មនិងសេវាកម្ម។ បន្ទាប់មកសិក្ខាសាលាបានប្រមូលផ្តុំគ្នាជាថ្មីដោយមានការធ្វើសេចក្តីសង្ខេបខ្លឹមសារតាមក្រុមនីមួយៗ ដើម្បីចែករំលែកដល់អង្គសន្និសីទទាំងមូលបានជ្រាប។
ការបណ្តុះបណ្តាលតាមវិធីឆ្លាស់នេះទើបត្រូវបានបង្កើតឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះតាមគ្រឹះស្ថានមួយចំនួនក្នុងតំបន់ដែលបង្ហាញនូវប្រសិទ្ធិភាព និងសមត្ថភាពយ៉ាងសំខាន់ក្នុងទីផ្សារការងារ។ ស្ថិតក្នុងគោលដៅនេះហើយ AUF បានបង្កើតមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (CEF) ដែលនឹងស្នើនូវកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លីផ្តោតលើជំនាញ។ CEF ក៏ជាកន្លែងជួបជុំផ្លាស់ប្តូររវាងសាកលវិទ្យាល័យ និងតួអង្គសង្គមសេដ្ឋកិច្ចជាច្រើនផងដែរ។ A
UF បាននឹងបង្កើតមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (CEF) ជាង៨០០មជ្ឈមណ្ឌលនៅជុំវិញពិភពលោក និងផ្សារភ្ជាប់មជ្ឈមណ្ឌលនេះឱ្យខិតជិតគ្នារវាងទៅវិស័យអប់រំនិងវិស័យឯកជន៕