(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីប្រកាសព័ត៌មានករណីអនុវត្តវិធានការច្បាប់ និងវិធានការរដ្ឋបាលចំពោះបុគ្គលចំនួន២រូប ដែលដឹកនាំការប្រមូលផ្ដុំប្រជាពលរដ្ឋប្រហែល៣០នាក់ មកតវ៉ាបញ្ហាដីធ្លីនៅភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រំខេត្តស្វាយរៀង ដែលជាសកម្មភាពមានចេតនាមិនគោរពច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំកូវីដ១៩ នឹងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងវិធានការរដ្ឋបាលដែលដាក់ចេញដោយរដ្ឋបាលខេត្ត ព្រមទាំងរារាំងដល់ការអនុវត្តវិធានការដែលបណ្ដាលឱ្យមានការឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលបានចូលរួមក្នុងការតវ៉ានេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង សូមបញ្ជាក់ថា «បុគ្គលឈ្មោះ ឥន សូត្រ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកសមាគមសម្ព័ន្ធសហគមន៍ កសិករកម្ពុជា និងបុគ្គលឈ្មោះ យស់ សោភ័ណ្ឌ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលមានលំនៅដ្ឋានស្ថិតនៅភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២ ខែសីហាឆ្នាំ ២០២១ បានប្រមូលផ្ដុំប្រជាពលរដ្ឋប្រហែល៣០នាក់ ដឹកនាំតវ៉ាបញ្ហាដីធ្លីស្ថិតនៅក្នុងភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រំ ដោយពុំបានអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល»។
រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា បន្ទាប់មកនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្វាយជ្រំ បានអញ្ជើញបុគ្គលទាំង ២នាក់ខាងលើ មកសាលាឃុំឈើទាល ដើម្បីធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាពខុសឆ្គងដែលបានប្រព្រឹត្តកន្លងមកព្រោះសកម្មភាពទាំងនេះ អាចបណ្ដាលឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែ បុគ្គលទាំង២នាក់នេះ មានការរឹងរូសមិនស្តាប់ការណែនាំក៏បានហៅប្រជាពលរដ្ឋប្រហែល៣០នាក់ មកប្រមូលផ្តុំគ្នានៅសាលាឃុំម្តងទៀត ហើយពុំព្រមទទួលយកការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសឆ្គងទៅឡើយ។
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្វាយជ្រំ ក៏បានអញ្ជើញបុគ្គលទាំង២នាក់ មកធ្វើការផាកពិន័យអន្តរការណ៍ចំពោះការមិនគោរពវិធានការរដ្ឋបាលតែបុគ្គលទាំង២នាក់នេះ នៅតែមិនទទួលយកការពិន័យអន្តរការណ៍ ហើយមានចេតនាធ្វើការារាំងអាជ្ញាធរក្នុងការអនុវត្តវិធានការដែលបានហៅប្រជាពលរដ្ឋមកប្រមូលផ្ដុំគ្នាច្រើននាក់ នៅសាលាឃុំឈើទាល ក្នុងគោលបំណងដាក់សម្ពាធដល់អាជ្ញាធរក្នុងការអនុវត្តច្បាប់។
រដ្ឋបាលខេត្តស្វាយរៀង បានគូសបញ្ជាក់ថា ចំពោះការប្រមូលផ្ដុំគ្នាក្នុងអំឡុងពេលអនុវត្តវិធានការរដ្ឋបាលដែលភូមិសាស្រ្តខេត្តស្វាយរៀង ស្ថិតនៅកម្រិតហានិភ័យខ្ពស់ដែលងាយនឹងឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តបាននឹងអញ្ជើញប្រជាពលរដ្ឋដែលមកចូលរួមប្រមូលផ្ដុំគ្នាកន្លងមកដើម្បីយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តរួចជាលទ្ធផលមានអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់ ត្រូវបានក្រុមការងារបញ្ជូនទៅព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ចំពោះអ្នកអវិជ្ជមានចំនួន២៨នាក់ អាជ្ញាធរមូលដ្ឋានដាក់ឱ្យធ្វើចត្តាឡីស័ក តាមដានសុខភាពនៅតាមខ្នងផ្ទះ។
រដ្ឋបាលខេត្តស្វាយរៀង បានបន្ថែមថា ផ្អែកតាមសកម្មភាពដែលប្រព្រឹត្តដោយបុគ្គលទាំង២ខាងលើ មានចេតនាមិនគោរពវិធានការរដ្ឋបាល និងចេតនារារាំង ដល់ការអនុវត្តវិធានការដែលជាបទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្ដន្ទាទោសតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងការសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដែលបានប្រព្រឹត្តកាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រំ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និងសូមចូលរួមគោរពច្បាប់វិធានការសុខាភិបាល វិធានរដ្ឋបាលការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូវីដ១៩ «៣ការពារ និង៣កុំ» តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕