Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក វ៉ៃ កេងលី ត្រូវបានតែងតាំង ជាអភិបាលក្រុងសិរីសោភ័ណ ជំនួសលោកស្រី ចាន់ ថេង ឡើងជាអភិបាលរងខេត្ត

30-03-2016 16:08

(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ មានពិធីប្រកាសតែងតាំង លោក វ៉ៃ កេងលី ជាអភិបាលក្រុងសិរីសោភ័ណ ជំនួសលោកស្រី ចាន់ ថេង ដែលត្រូវបានថ្នាក់ដឹកនាំតែងតាំង ជាអភិបាលរងខេត្ត។

ពិធីប្រកាសតែងតាំងបានធ្វើឡើងក្រោមវត្តមាន លោក សួន បវរ អភិបាលខេត្ត លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក គោ ស៊ុសារឿត និងមន្ត្រីជុំវិញខេត្តជាច្រើននាក់ទៀត។ ក្រោយលោក វ៉ៃ កេងលី ឡើងប្តេជ្ញាចិត្តចំពោះការបំពេញភារកិច្ចរួចមកលោក សួន បវរ អភិបាលខេត្ត បានផ្តាំផ្ញើដល់លោក វ៉ៃ កេងលី ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងជួរ គណៈអភិបាលក្រុងបង្កើតទំនាក់ទំនងល្អជាមួយ ក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ពន្ធ អង្ការដៃគូរអភិវឌ្ឍន៍ដើម្បីធានាឲ្យរដ្ឋបាលក្រុង អនុវត្តទទួលបានជោគជ័យ។

លោក សួន បវរ បានបញ្ជាក់ទៀតថា លោក វ៉ៃ កេងលី ត្រូវពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ការគ្រប់គ្រងជនអន្តោប្រវេសន៍ ត្រូវជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋគ្រប់អាយុ ឲ្យបានគ្រប់ៗគ្នាដើម្បីធ្វើការបោះឆ្នោត នៅឆ្នាំ២០១៦ខាងមុខនេះផងដែរ៕